ផលិតផលរ៉ែសំណង់ជាច្រើនប្រភេទ បាននិងកំពុងដើរតួយ៉ាងសំខាន់ក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ។ ក្នុងនោះ គិតចាប់ពីឆ្នាំ២០២២ រហូតមកដល់ដើមឆ្នាំ២០២៦ នេះ ចំណូលសួយសារដែលកម្ពុជាប្រមូលបានតែពីផលិតផលថ្មអារមួយមុខ បានចូលរួមក្នុងថវិកាជាតិប្រមាណជិត ៤០លានដុល្លារអាមេរិក រួចទៅហើយ ដោយតួលេខនេះមិនទាន់រាប់បញ្ចូលនូវពន្ធ និងអាករផ្សេងៗនោះឡើយ។

សមិទ្ធផលដ៏លេចធ្លោនេះ ត្រូវបានឱ្យដឹងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសមាគមថ្មអារកម្ពុជា អាណត្តិទី១ លើកទី១ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល។

លោក កែវ រតនៈ បានឱ្យដឹងថា ដើម្បីបន្តជម្រុញកំណើនសេដ្ឋកិច្ច និងពង្រឹងសក្តានុពលនៃវិស័យនេះ រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងរ៉ែនិងថាមពល បានដាក់ចេញនូវផែនការការងារអាទិភាពសំខាន់ៗជាបន្តបន្ទាប់។ ផែនការទាំងនោះ រួមមានការបង្កើតតម្លៃបន្ថែមតាមរយៈការធ្វើពិពិធកម្មផលិតផលថ្មអារឱ្យកាន់តែសម្បូរបែប ការស្វែងរកទីផ្សារនាំចេញទៅក្រៅប្រទេសបន្ថែមទៀត ការគ្រប់គ្រងការអភិវឌ្ឍដោយគិតគូរខ្ពស់ពីបរិស្ថាន សុវត្ថិភាព ផលប្រយោជន៍រួម និងការផ្តោតលើការបណ្តុះបណ្តាលជំនាញដល់បុគ្គលិក កម្មករជាជនជាតិខ្មែរផ្ទាល់។
បើតាម លោក កែវ រតនៈ ជំហានថ្មីនេះ បង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជា ក្នុងការប្រែក្លាយធនធានរ៉ែសំណង់ ឱ្យទៅជាប្រភពចំណូលជាតិដ៏រឹងមាំ និងមានចីរភាពសម្រាប់ពេលអនាគត៕


