មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម​ ណែនាំឱ្យអង្គភាពជំនាញ​ និងមន្ទីររាជធានី-ខេត្តបង្កើនសកម្មភាពអធិការកិច្ចជី​ និងថ្នាំកសិកម្ម​

សង្គម​ និង​សេដ្ឋកិច្ច

នៅថ្ងៃទី២៩-៣០ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បាន​រៀបចំសិក្ខាសាលាពង្រឹងសមត្ថភាពមន្ត្រីអធិការកិច្ចលើការគ្រប់គ្រងជី និងថ្នាំកសិកម្ម​ បើកដោយ លោក​ ងិន​ ឆាយ​ អគ្គនាយក​នៃអគ្គនាយកដ្ឋានក្សេត្រសាស្ត្រ​ និងពិធីបិទក្រោមអធិបតីភាព លោក គង់ ច័ន្ទវាសនា​ រដ្ឋលេខាធិការទទួលបន្ទុកធាតុចូលកសិកម្ម ដោយមានការចូលរួមពីថ្នាក់ដឹកនាំ​ និងមន្ត្រីជំនាញពាក់ព័ន្ធចំនួន១០០នាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សិក្ខាសាលារយ:ពេល២ថ្ងៃ​នេះមានគោលបំណងបង្កើនចំណេះដឹង​ និងពង្រឹងសមត្ថភាពរបស់មន្ត្រីជំនាញនៃមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទទាំង២៥រាជធានី-ខេត្តលើការងារគ្រប់គ្រងជី និងថ្នាំកសិកម្ម​,​ ពិភាក្សាអំពីបញ្ហាប្រឈមដើម្បីរកដំណោះស្រាយ,​ និងកំណត់ផែនការសកម្មភាពដែលត្រូវអនុវត្ត​បន្ត​ ដើម្បីបង្កើន​ប្រសិទ្ធភាពការងារ​ ដោយផ្តោតលើការពង្រឹងការងារអធិការកិច្ចជី​ និងថ្នាំកសិកម្ម។

លោករដ្ឋលេខាធិការ គង់ ច័ន្ទវាសនា បានកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានក្សេត្រសាស្ត្រ មន្ទីរកសិកម្ម និងការិយាល័យនីតិកម្មកសិកម្មរាជធានី-ខេត្ត ដែលបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់​ និងសម្រេចបានលទ្ធផលល្អប្រសើរលើការគ្រប់គ្រងជី និងថ្នាំកសិកម្ម​ ក្នុងរយ:ពេល៣ឆ្នាំកន្លងមកនេះ​ ក្រោយក្រសួងបានកែសម្រួលភារកិច្ចអង្គភាពទទួលបន្ទុកគ្រប់គ្រងជី​ និងថ្នាំកសិកម្ម។

សកម្មភាពទាំងនេះរួមមាន​ ការធ្វើបច្ចុប្បន្នភាពឯកសារបណ្តុះបណ្តាលសម្រាប់អាជីវករដេប៉ូជី​ និងថ្នាំកសិកម្ម,​ ការកែសម្រួ​ល​ និងបន្ថែមខ្លឹមសារចាំបាច់ទៅក្នុងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធឱ្យស្រប​ទៅនឹងស្ថានការបច្ចុប្បន្ន​,​ ការពង្រឹងការងារអធិការកិច្ចនៅតាមរាជធានី-ខេត្ត ដើម្បីទប់ស្កាត់ការនាំចូល​ និងការដាក់លក់ផលិតផលខុសច្បាប់​ គ្មានបញ្ជិកា​,​ ការចុះយកសំណាកជី​ និងថ្នាំកសិកម្មដើម្បីត្រួតពិនិត្យគុណភាព,​ ការទប់ស្កាត់ការផ្សព្វផ្សាយលក់ផលិតផលខុសច្បាប់​ គ្មានបញ្ជិកាតាមបណ្តាញសង្គម,​ និងការផ្តល់ការគាំទ្រចាំបាច់ដល់ការផលិតជីក្នុងស្រុក​ ដែលទាំងអស់នេះពិតជាឆ្លើយតបទៅនឹងកំណែទម្រង់ដែលបានដាក់ចេញ​ ក្រោមការដឹកនាំដ៏មុតស្រួច​ និងឈ្លាសវៃរបស់ ​រដ្ឋមន្ត្រីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ។

លោកបានសង្កត់ធ្ងន់ថា​ ជោគជ័យនៃអនុវិស័យដំណាំ​ដែលសម្រេចបានផលិតកម្មរាប់លានតោនក្នុងមួយឆ្នាំៗ​ ជាមួយនឹងការធានាបានសន្តិសុខស្បៀង​ និងការនាំចេញកសិផលរាប់លានតោនទៅបរទេស​ ក៏មានការរួមចំណែកយ៉ាងសំខាន់នៃការគ្រប់គ្រងជី​ និងថ្នាំកសិកម្មដែរ​ តាមរយៈការធានាបាន​នូវការផ្គត់ផ្គង់ជី និងថ្នាំកសិកម្ម ឱ្យបានគ្រប់គ្រាន់ ទាន់ពេលវេលា ក្នុងតម្លៃប្រកួតប្រជែង និងប្រកបដោយគុណភាព ដល់គ្រប់ទិសទីនៅទូទាំងប្រទេស ដែលជួយបង្កើនផលិតភាព និងប្រសិទ្ធភាពនៃការដាំដុះ។

លោករដ្ឋលេខាធិការ ក៏បានណែនាំឱ្យអង្គភាពជំនាញ​ និងមន្ទីរកសិកម្មទូទាំងប្រទេស​ បន្តពង្រឹងការគ្រប់គ្រងជី និងថ្នាំកសិកម្មឱ្យកាន់តែមានប្រសិទ្ធភាព តាមរយ:ការលើកកម្ពស់សេវាសាធារណៈគាំទ្រដល់ក្រុមហ៊ុន,​ ការគាំទ្រដល់ក្រុមហ៊ុន និងសិប្បកម្មផលិតជីក្នុងស្រុក,​ ការបង្កើន​សកម្មភាពអធិការកិច្ចទប់ស្កាត់ការនាំចូល​ និងចរាចរណ៍ផលិតផលខុសច្បាប់​ គ្មានបញ្ជិកា​,​ ការចុះយកសំណាកផលិតផលមកត្រួតពិនិត្យគុណភាព​ និងការអប់រំណែនាំ​ និងអនុវត្តច្បាប់លើផេកដែលផ្សាយលក់ផលិតផលខុសច្បាប់​ គ្មានបញ្ជិកាលើបណ្តាញសង្គម​ ដើម្បីជាប្រយោជន៍ដល់បងប្អូនប្រជាកសិករ​ និងវិស័យកសិកម្មកម្ពុជា៕