ជប៉ុន ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបរិស្ថានបន្ថែមទៀត

សង្គម​ និង​សេដ្ឋកិច្ច

ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ជួយឱ្យប្រទេសកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ។ទន្ទឹមគ្នានេះ ទូតជប៉ុន ក៏បានប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបរិស្ថានបន្ថែមទៀតផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមប្រសាសន៍របស់លោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ក្នុងកិច្ចពិភាក្សាការងារនិងជម្រាបលា លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលថ្ងៃទី៦ កក្កដា ឆ្នាំ២០២៦។

នាឱកាសនោះ លោក UENO Atsushi បានកោតសរសើរនិងបានវាយតម្លៃខ្ពស់ចំពោះការវិវត្តជាវិជ្ជមាននៃការគ្រប់គ្រងបរិស្ថាន តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន។លោកក៏បានប្រកាសថា ជប៉ុនប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែស៊ីជម្រៅ ដោយក្នុងនោះ វិស័យបរិស្ថាន និងការប្រែប្រួលអាកាសធាតុ ដែលត្រូវបានចាត់ទុកជាអាទិភាពគន្លឹះមួយ។

ជាមួយគ្នានេះ លោក អ៊ាង សុផល្លែត លើកឡើងថា រដ្ឋាភិបាល និងទូតជប៉ុន បានផ្តល់ការគាំទ្រយ៉ាងសកម្មដល់វិស័យបរិស្ថាននៅកម្ពុជា ទាំងផ្នែកថវិកា សម្ភារៈបច្ចេកទេស និងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព និងអព្យាក្រឹតកាបូន។ លោកថា ការបន្តពង្រឹងនិងពង្រីកកិច្ចសហការទ្វេភាគីលើ ការចែករំលែកចំណេះដឹង និងបច្ចេកវិទ្យាបៃតងទំនើបៗមកកម្ពុជា និងបន្តការគាំទ្រ«យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន»គឺធានាថា កម្ពុជានឹងមានភាពធន់នាពេលអនាគត។

សូមបញ្ជាក់ថា ប្រទេសជប៉ុនបានគាំទ្រ «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» របស់កម្ពុជា ដែលផ្តោតលើសសរសត្តម្ភបីគឺ ភាពស្អាត ភាពបៃតង និងចីរភាព។ ជាក់ស្តែង កាលពីពេលថ្មីៗកន្លងមកនេះ ប្រទេសជប៉ុនបានសហការជាមួយកម្មវិធីអភិវឌ្ឍន៍អង្គកការសហប្រជាជាតិ UNDP ផ្តល់ធុងញែកសំរាម ទុកដាក់សំណល់ប្លាស្ទិក ចំនួន ៣ ០០០ ធុង ជូនដល់ក្រសួងបរិស្ថាន ដើម្បីដាក់ពង្រាយតាមបណ្តារាជធានី-ខេត្តគោលដៅ ដូចជា ភ្នំពេញ សៀមរាប និងតំបន់មាត់សមុទ្រ។ ជាមួយគ្នានេះ គម្រោងជំនួយ Kusanone របស់ប្រទេសជប៉ុនបានផ្តល់រថយន្តប្រមូលសំរាម និងឧបករណ៍សម្ភារៈនានា ដើម្បីជួយសម្រួលដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការសម្អាតអនាម័យបរិស្ថា និងលើកកម្ពស់សោភ័ណភាពមូលដ្ឋាន៕ អត្ថបទ៖ហ្សាលីន