(ភ្នំពេញ)៖ បេសកកម្មជិះកង់ឆ្លងកាត់ ៤០ ប្រទេស ចំណាយពេលជាង ២ ឆ្នាំរបស់លោក ទិវ តារារិទ្ធិ ទីបំផុតបានសម្រេចគោលដៅរៃអង្គាសថវិកាចំនួន ២៥០,០០០ដុល្លារ សម្រាប់គាំទ្រមន្ទីរពេទ្យកុមារអង្គរ និងមូលនិធិគន្ធបុប្ផាកម្ពុជា ជាពិសេសគឺការរួមចំណែកឧបត្ថម្ភបន្ថែមចំនួន ៣៥,០០០ដុល្លារ ពីភេសជ្ជៈប៉ូវកម្លាំង វើក និងទឹកពិសាកម្ពុជានៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។

បច្ចុប្បន្ន លោក ទិវ តារារិទ្ធិ បានវិលត្រឡប់មកដល់កម្ពុជាដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់បេសកកម្មជិះកង់ផ្សងព្រេងជុំវិញពិភពលោកពោរពេញដោយហានិភ័យ និងការប្រឈមគ្រោះថ្នាក់ដល់ជីវិត។ ទោះបីជាត្រូវឆ្លងកាត់ឧបសគ្គរាប់មិនអស់ក៏ដោយ ក៏ការតាំងចិត្តដ៏មុតមាំក្នុងការជួយសង្គ្រោះជីវិតកុមារកម្ពុជា បានក្លាយ ជាកម្លាំងជំរុញឱ្យលោកបន្តដំណើរមុខរហូតដល់គោលដៅ។ ក្នុងអំឡុងពេលបេសកកម្ម លោកអាចរៃអង្គាសថវិកាបានជាង ២១៥,០០០ដុល្លារ ពីគោលដៅសរុប ២៥០,០០០ដុល្លារ ដែលនេះ ជាលទ្ធផល«គួរឱ្យកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់លោកក្នុងការបំពេញបេសកកម្មដ៏មានតម្លៃមួយនេះ។

ដោយមើលឃើញ ពីឆន្ទៈនៃការតស៊ូឥតរាថយ និងការប្តេជ្ញោចិត្តយ៉ាងរឹងមាំរបស់លោកបែបនេះ ក្នុងនាមជាក្រុមហ៊ុនខ្មែរ ដែលតែងតែគាំទ្រសកម្មភាពមនុស្សធម៌ ខ្មែរ ប៊ែវើរីជីស បានជួយសម្រេចបេសកកម្ម ដ៏អស្ចារ្យមួយនេះឱ្យទទួលបានជោគជ័យ។ តាមរយៈការឧបត្ថម្តប្រាក់បង្គ្រប់ចំនួន ៣៥,០០០ដុល្លារ ពី ភេសជ្ជៈប៉ូវកម្លាំង វើក និងទឹកពិសាកម្ពុជា ជូនមន្ទីរពេទ្យកុមារអង្គរ និងមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីផ្តល់ឱកាស និងក្តីសង្ឃឹមជូនកុមារកម្ពុជា ឱ្យទទួលបានសេវាថែទាំសុខភាពប្រកបដោយគុណភាព និងឥតគិតថ្លៃ៕
កម្ពុជា ដើម្បី កម្ពុជា!





