សម្តេចធិបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានចាត់ទុកវារីអគ្គិសនីសេសានក្រោម២ ជាប្រភេទឧស្សាហកម្មធុនធ្ងន់ និងកំពុងបានរួមចំណែកសំខាន់ក្នុងការផ្គត់ផ្គង់អគ្គិសនីនៅកម្ពុជា។សម្តេចតេជោ ថ្លែងបែបនេះ នៅក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងមន្ត្រីរាជការខេត្តស្ទឹងត្រែង កាលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦។

នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ខេត្តស្ទឹងត្រែងមានឧស្សាហកម្មធុនធ្ងន់ដ៏សំខាន់មួយ គឺវារីអគ្គិសនីសេសានក្រោម២ ដែលផលិតថាមពលជាង ៤០០ មេហ្គាវ៉ាត់ និងបានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់អគ្គិសនីទៅកាន់តំបន់នានាទូទាំងប្រទេស។
សម្តេចតេជោ បានបន្តថា៖« វារីអគ្គិសនីសេសានក្រោម២ ដែលមានអានុភាពផលិតអគ្គិសនីជាង ៤០០ មេហ្គាវ៉ាត់ នៅខេត្តស្ទឹងត្រែង គឺជាប្រភេទឧស្សាហកម្មធុនធ្ងន់ ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់ថាមពលអគ្គិសនីសម្រាប់ការប្រើប្រាស់របស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ»។

សម្តេចតេជោ បន្ថែមថា វារីអគ្គិសនីសេសានក្រោម២ ស្ថិតនៅចំណុចប្រសព្វរវាងទន្លេសេសាន និងទន្លេស្រែពក ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង។ វាជាគម្រោងវារីអគ្គិសនីដើរដោយថាមពលទឹកដ៏ធំបំផុតមួយនៅកម្ពុជា ដែលរួមចំណែកពង្រឹងសន្តិសុខថាមពលជាតិ កាត់បន្ថយការពឹងផ្អែកលើការនាំចូលអគ្គិសនីពីប្រទេសជិតខាង និងផ្គត់ផ្គង់ថាមពលបៃតងក្នុងតម្លៃសមរម្យដល់ប្រជាពលរដ្ឋ និងវិស័យផលិតកម្ម។
ជាមួយគ្នានេះ សម្តេចតេជោ ក៏បានរំលឹកពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅខេត្តស្ទឹងត្រែង ដោយមានប្រសាសន៍ថា កាលពីអតីតកាល ពុំមាននរណានឹកស្មានថា ខេត្តនេះនឹងមានស្ពានឆ្លងកាត់ទន្លេសេកុង និងទន្លេមេគង្គនោះទេ។ ប៉ុន្តែបច្ចុប្បន្ន ស្ពានទាំងពីរបានក្លាយជាសមិទ្ធផលដ៏សំខាន់ រួមជាមួយផ្លូវជាតិជាច្រើនខ្សែ ដែលតភ្ជាប់ខេត្តស្ទឹងត្រែងទៅកាន់ខេត្តរតនគិរី និងខេត្តព្រះវិហារ ជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូន និងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់។
សូមរម្លឹកដែរថា វារីអគ្គិសនីសេសានក្រោម២ ដែលមានអនុភាព៤០០មេហ្កាវ៉ាត់ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងច្រកទ្វារ អន្ដរជាតិត្រពាំងក្រៀល-ណងណុកខៀន បានសម្ភោធដាក់ឱ្យដំណើរការជាផ្លូវការ កាលខែមករា ឆ្នាំ២០១៧ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន និងលោក ថងលុន ស៊ីស៊ូលីត អតីតនាយករដ្ឋមន្រ្តីឡាវ៕ អត្ថបទ៖ហ្សាលីន

