អាល្លឺម៉ង់ គាំទ្រចំពោះការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី និងតាមច្បាប់អន្តរជាតិ

សង្គម​ និង​សេដ្ឋកិច្ច

លោក Stefan Messerer ឯកអគ្គរដ្ឋទូតចប់អាណត្តិ​ នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា បានបញ្ជាក់ថា អាល្លឺម៉ង់ គាំទ្រចំពោះការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី និងតាមច្បាប់អន្តរជាតិ។លោកលើកឡើងបែបនេះ នៅក្នុងឱកាសជួបសម្តែងការគួរសម និងជម្រាបលាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អលើវិស័យជាច្រើន ជាពិសេសទំនាក់ទំនងនយោបាយ តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ច​ នៃគណៈប្រតិភូនៃប្រទេសទាំងពីរ។ ឯកឧត្តម​បានសង្កត់ធ្ងន់ថា អាល្លឺម៉ង់ និងកម្ពុជា គឺជាដៃគូពិភាក្សាដ៏បើកចំហ និងស្មោះត្រង់ចំពោះគ្នាទៅវិញទៅមក និង​បានបញ្ជាក់ថា ទំនាក់ទំនងទ្វេភាគីនេះ នឹងនៅតែបន្តពូនជ្រំឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត។ លោក ក៏បានគូសរំលេចថា ប្រទេសទាំងពីរនៅមានសក្តានុពលជាច្រើន ដែលអាចពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើផ្នែកសេដ្ឋកិច្ច-ពាណិជ្ជកម្ម, វិស័យកសិកម្ម, កសិ-ឧស្សាហកម្ម,​​និងជាពិសេស វិស័យទេសចរណ៍ ដោយលោកបានសង្កត់ធ្ងន់ថា កម្ពុជាគឺជាគោលដៅទេសចរណ៍ដ៏មានសុវត្ថិភាពមួយ។

ជាការឆ្លើយតប, សម្តេចធិបតី បានបង្ហាញក្តីរីករាយ ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អ​ លើវិស័យជាច្រើន​ ជាពិសេសលើវិស័យអប់រំ និង​បណ្តុះបណ្តាល, និងមានជំនឿថា កិច្ចសហប្រតិបត្តិការក្នុងវិស័យទាំងនេះនឹងបន្តរីកចម្រើន​ និង​ កាន់តែស្អិតរមួតបន្ថែមទៀត។ សម្តេចធិបតី ក៏បានឯកភាពថា កម្ពុជា និងអាល្លឺម៉ង់ នៅមានកាលានុវត្តភាពជាច្រើនក្នុងការជំរុញទំហំពាណិជ្ជកម្ម និងកិច្ចហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច តាមរយៈការបន្តលើកកម្ពស់ទំនាក់ទំនងរវាងវិស័យឯកជន និងវិស័យឯកជន​ នៃប្រទេស​ទាំងពីរ​។ ពាក់ព័ន្ធ​នឹងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម, សម្តេចធិបតីបាន​គូសបញ្ជាក់ថា​ កម្ពុជា​-អាល្លឺម៉ង់​ នៅមានសក្តានុពលជាច្រើន ​ក្នុង​ការជំរុញកិច្ចសហប្រតិបត្តិការជាមួយគ្នា។


សូមជម្រាប់ដែរថា តាមរយៈជំនួបខាងលើ សម្ដេចធិបតីក៏បានជម្រាបជូនលោកឯកអគ្គរដ្ឋទូត អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃ និងបានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជាក្នុងប្រកាន់យកការដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ, អនុសញ្ញា, សន្ធិសញ្ញា និងកិច្ចព្រមព្រៀង រវាងប្រទេសទាំងពីរ ដែលមានស្រាប់។ ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូតអាម្លឺម៉ង់ បានគូសបញ្ជាក់ថា អាល្លឺម៉ង់ គាំទ្រចំពោះការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងដោយអនុលោមទៅតាមច្បាប់អន្តរជាតិ៕ អត្ថបទ៖ហ្សាលីន