ខេត្តមណ្ឌលគិរី នឹងទទួលបានស្ថានីយផលិតអគ្គិសនីដើរដោយថាមពលខ្យល់ តម្លៃ២០០ លានដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

នាពេលឆាប់ខាងមុខនេះ ខេត្តមណ្ឌលគិរី នឹងទទួលបានស្ថានីយផលិតអគ្គិសនីដើរដោយថាមពលខ្យល់ទំហំ ១៥០មេហ្គាវ៉ាត់ ខណៈបច្ចុប្បន្នភាគីពាក់ព័ន្ធបានបើកកិច្ចពិភាក្សាដើម្បីចុះត្រួតពិនិត្យករណីសំណើសុំសម្របសម្រួលលើការងារសម្រាប់គម្រោងនេះរួចរាល់ហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមកិច្ចប្រជុំចុះត្រួតពិនិត្យករណីសំណើសុំសម្របសម្រួលលើការងាររត់ខ្សែបណ្តាញអគ្គិសនី ៣៥KV សម្រាប់សាងសង់ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលខ្យល់ទំហំ ១៥០មេហ្គាវ៉ាត់ នៅខេត្តមណ្ឌលគិរី កាលចុងសប្តាហ៍ ដឹកនាំដោយលោក សាន់ ដារិទ្ធិ អភិបាលរងខេត្តមណ្ឌលគីរី។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមសំណាក់ លោកនាយករងរដ្ឋបាលសាលាខេត្ត លោកប្រធាន អនុប្រធានមន្ទីរ អង្គភាព ពាក់ព័ន្ធ តំណាងក្រុមហ៊ុន និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនទៀត។

បើតាមលោក សាន់ ដារិទ្ធិ បានឱ្យដឹងថា ករណីសំណើសុំសម្របសម្រួលលើការងាររត់ខ្សែបណ្តាញអគ្គិសនី ៣៥KV សម្រាប់សាងសង់ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលខ្យល់ទំហំ ១៥០មេហ្គាវ៉ាត់ នេះ គឺបោះទីតាំង ស្ថិតនៅក្នុងភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

សូមរម្លឹកដែរថា ខេត្តមណ្ឌលគិរី ដែលជាខេត្តមួយស្ថិតនៅតំបន់ភូមិភាគឦសាន​នៃ​ប្រទេស​កម្ពុជា នឹងមាននឹងមានស្ថានីយផលិតថាមពលអគ្គិសនីដើរខ្យល់ តម្លៃវិនិយោគ ២០០ លានដុល្លារនាពេលខាងមុខ ខណៈបច្ចុប្បន្នគម្រោងនេះ ត្រូវបានរដ្ឋាភីបាលសម្រេចអនុម័តរួចរាល់ហើយ។

យោងតាមសេចក្តីប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ (CDC) កាលពីថ្ងៃទី១០ ខែគុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងដែរថា នៅខែមករា ឆ្នាំ ២០២៦ បានអនុម័តគម្រោង​អភិវឌ្ឍ​ស្ថានីយផលិតថាមពលអគ្គិសនី​ដើរ​ខ្យល់ ដែលមានអានុភាព ១៥០ ​មេហ្កាវ៉ាត់ នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ក្នុងទំហំ​ទុនវិនិ​យោគ​ ២០០ ​លានដុល្លារ ​និងអាច​បង្កើតការងារបាន ៤២ កន្លែង៕អត្ថបទ៖ហ្សាលីន