ស្ថាប័នជាតិ និងអង្គការអន្តរជាតិ ដែលមានក្រសួងកសិកម្ម ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងអង្គការ GIZ បានសម្រេចចុះកិច្ចព្រមព្រៀងដាក់ឱ្យអនុវត្តគំនិតផ្ដួចផ្ដើម «ការធ្វើឱ្យប្រសើរឡើងស្រូវ-អង្ករនៅកម្ពុជា (BRIC)» ជាកម្លាំងចលករថ្មី បង្កើនប្រាក់ចំណូលកសិករនៅកម្ពុជាឱ្យកាន់តែប្រសើរ។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងដាក់ឱ្យអនុវត្តគំនិតផ្ដួចផ្ដើម «ការធ្វើឱ្យប្រសើរឡើងស្រូវ-អង្ករនៅកម្ពុជា (BRIC)» បានធ្វើឡើងកាលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ក្រោមវត្តមានលោក យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ។
គំនិតផ្ដួចផ្ដើម«ការធ្វើឱ្យប្រសើរឡើងស្រូវ-អង្ករនៅកម្ពុជា (BRIC)»នឹងរួមចំណែក៖ លើកកម្ពស់ជីវភាព និងប្រាក់ចំណូលរបស់ប្រជាកសិករ អភិវឌ្ឍការផលិតស្រូវ-អង្ករប្រកបដោយនិរន្តរភាព និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងលើកកម្ពស់កសិកម្មបៃតង ពង្រឹងសមត្ថភាពមន្ត្រីកសិកម្មឃុំ និងសហគមន៍កសិកម្ម ដើម្បីផ្តល់សេវាកម្មកសិកម្មកាន់តែមានប្រសិទ្ធភាព។
សូមជម្រាប់ដែរថា ក្នុងរយៈពេល៥ខែនៃឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករបានចំនួន ៥៦៨ ៩១២តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៦១ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៣ ប្រទេស។ចំណែកឯកស្រូវវិញកម្ពុជាក៏បាននាំចេញស្រូវចំនួន ២ ៧៥៣ ៨១៦ តោនស្រូវសើម ដែលគិតជាទឹកប្រាក់ប៉ាន់ប្រមាណបានចំនួន ៥៩១.៤១ លានដុល្លារសហរដ្ឋអាមេរិក។ នេះបើយោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា ចេញផ្សាយកាលពីពេលថ្មីៗនេះ៕ អត្ថបទ៖ ហ្សាលីន


