ប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ឱ្យដឹងថា រាជរដ្ឋាភិបាល បានបញ្ចេញថវិកាប្រមាណ ៦០ លានដុល្លារក្នុង១ខែ ដើម្បីចេញខាតផ្នែកពន្ធលើវិស័យប្រេងឥន្ធនៈក្នុងខែៗ។ សម្តេចធិបតី ថ្លែងបែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦។

នាឱកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ជាថ្មីថា គោលដៅរបស់រាជរដ្ឋាភិបាលមានបី គឺចង់ឱ្យធនធានមនុស្សមានសុខភាពល្អ, ឱ្យមនុស្សមានចំណេះដឹង បំណិន, និងឱ្យមនុស្សមានឱកាសការងារ ដែលបីនេះគឺជាគោលដៅរបស់រាជរដ្ឋាភិបាលក្នុងការជួយទៅដល់ប្រជាជនដែលអាចឱ្យប្រជាជនជួយខ្លួនឯងបាន។ ទន្ទឹមគ្នានេះ សម្ដេចធិបតី ក៏បានបញ្ជាក់ជាថ្មីទៀតថា ក្នុងកាលៈទេសៈពិភពលោកកំពុងជួបបញ្ហា រាជរដ្ឋាភិបាលបានបញ្ចេញថវិកាដើម្បីចេញខាតផ្នែកពន្ធលើវិស័យប្រេងឥន្ធនៈក្នុងខែៗប្រមាណ ៥០-៦០ លានដុល្លារ ដើម្បីជួយសម្រាលដល់បន្ទុករបស់ប្រជាពលរដ្ឋ។
ហេតុនេះ ដើម្បីជំរុញភាពរីកចំរើននៃសេដ្ឋកិច្ចកម្ពុជា សម្តេចធិបតី បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នឹងពន្លឿនការកែទម្រង់វិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព ភាពស័ក្តិសិទ្ធ និងសមធម៌ តាមរយៈ ការសិក្សាដាក់ចេញនូវ គោលនយោបាយ យុទ្ធសាស្រ្ត និងកម្មវីធីកែទម្រង់ស៊ីជម្រៅតាមគ្រប់រូបភាព សំដៅទាញយកឱ្យអស់នូវសក្តានុពលនៃ «ផលលាភប្រជាសាស្រ្ត» ដែលកម្ពុជាកំពុងតែមាន។សម្តេចថា ធនធានមនុស្សជាទ្រព្យដ៏សំខាន់សម្រាប់ជាតិ។ ធនធានមនុស្សដែលមានសមត្ថភាព និងសុខភាពល្អ គឺជាជួយឱ្យកម្ពុជា អាចប្រកួតប្រជែងជាមួយប្រទេសដទៃ៕អត្ថបទ៖ហ្សាលីន

