ក្រុមហ៊ុនធំៗរបស់អាមេរិក ចាប់អារម្មណ៍វិនិយោគនៅក្នុងប្រទេសតំបន់អាស៊ាន ជាពិសេសនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន និងគណៈប្រតិភូតំណាងក្រុមហ៊ុនអាមេរិក បានបង្ហាញការចាប់អារម្មណ៍លើការវិនិយោគនៅក្នុងប្រទេសតំបន់អាស៊ាន ជាពិសេសនៅកម្ពុជាតែម្តង។ ចំណាប់អាមរម្មណ៍នេះ បានបង្ហាញឡើងនៅក្នុងជំនួបពិភាក្សាជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ជាមួយលោក Brian D. McFeeters ប្រធាននាយកប្រតិបត្តិក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន និងគណៈប្រតិភូតំណាងក្រុមហ៊ុនអាមេរិក កាលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ លោក Brian D. McFeeters បានលើកឡើងថា ក្រុមប្រឹក្សាធុរកិច្ច អាមេរិក-អាស៊ាន គឺមានសមាជិករហូតដល់ទៅជាង ១៨០ក្រុមហ៊ុន ហើយក្រុមហ៊ុនជាច្រើនកំពុងចាប់អារម្មណ៍លើការវិនិយោគនៅក្នុងប្រទេសតំបន់អាស៊ាន ជាពិសេសនៅក្នុងប្រទេសកម្ពុជាតែម្ដង។

លោកក៏បានលើកឡើងថា នៅពេលនេះ ទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក កំពុងតែដំណើរការល្អ ហើយក្នុងនាមវិស័យឯកជនតំណាងឱ្យក្រុមប្រឹក្សាធុរកិច្ច អាមេរិក-អាស៊ាន គឺចង់ចូលរួមវិនិយោគនៅក្នុងប្រទេសកម្ពុជា ដើម្បីរួមចំណែកនៅក្នុងការពង្រីកនូវទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក ឱ្យកាន់តែរឹងមាំបន្ថែមទៀត។ លោកបន្តថា ធុរជនអាមេរិកក៏ដូចជាដៃគូរបស់អាមេរិកដែលបានមកជួបសម្ដេចនាពេលនេះ គឺដើម្បីស្វែងរកឱកាសក្នុងការវិនិយោគ និងពង្រីកការវិនិយោគបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា ហើយក្រុមហ៊ុនធំៗដែលជួបសម្ដេចតេជោនៅក្នុងនេះ មានដូចជាក្រុមហ៊ុន Ford ក្រុមហ៊ុន SC Johnson និងក្រុមហ៊ុន កូកា-កូឡា ជាដើម និងដៃគូក្រុមហ៊ុនមួយចំនួនទៀត។

ជាការឆ្លើយតប សម្តេចតេជោ បានគាំទ្រចំពោះអ្នកវិនិយោគអាមេរិកមកកាន់ប្រទេសកម្ពុជា ដោយសម្ដេចបញ្ជាក់ថា ចំណុចស្នូលនៃទំនាក់ទំនងរវាងកម្ពុជា និងអាមេរិកគឺសេដ្ឋកិច្ច ពាណិជ្ជកម្មនិងការវិនិយោគនេះឯង។

សម្ដេចសង្ឃឹមដែរថា វិនិយោគិនអាមេរិក នឹងមករកស៊ីនៅក្នុងប្រទេសកម្ពុជាកាន់តែច្រើន ហើយសម្ដេចកត់សម្គាល់ថា អ្នកវិនិយោគរបស់អាមេរិកភាគច្រើនបានវិនិយោគនៅក្នុងប្រទេសកម្ពុជាផ្ដោតទៅលើ ផ្នែកដឹកជញ្ជូន ផ្នែកវេជ្ជសាស្ត្រ វិស័យអប់រំ និងលើវិស័យបច្ចេកវិទ្យា ដែលទាំងអស់នេះជាចំណុចដែលកម្ពុជាចង់បាន គឺការធ្វើនវានុវត្តន៍នេះឯង៕អត្ថបទ៖ហ្សាលីន