អូស្ត្រាលី គាំទ្រការពង្រឹងសន្តិសុខស្បៀងនៅកម្ពុជា ដើម្បីកាត់បន្ថយពឹងផ្អែកលើការនាំចូល

សង្គម​ និង​សេដ្ឋកិច្ច

អូស្ត្រាលី បានបង្ហាញគាំទ្រអ្នកផលិតនៅកម្ពុជាក្នុងការពង្រឹងសន្តិសុខស្បៀង សំដៅឈានទៅកាត់បន្ថយការពឹងផ្អែកលើការនាំចូល។នេះបើយោងតាមហ្វេសប៊ុករបស់ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា នៅថ្ងៃទី២៤ ខែកក្កដា​ ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ស្ថានទូតអូស្រ្តាលី បានបញ្ជាក់ថា អស់រយៈពេលជាយូរ កម្ពុជាបានពឹងផ្អែកលើការនាំចូលផលិតផលចំណីអាហារជាច្រើន រាប់ចាប់ពីទឹកដោះគោស្រស់ មីកញ្ចប់ រហូតដល់គ្រឿងទេស និងទឹកជ្រលក់ផ្សេងៗ។ អូស្ត្រាលីកំពុងសហការជាមួយអ្នកផលិតអាហារក្នុងស្រុក ដើម្បីពង្រីកការផលិតក្នុងប្រទេស កាត់បន្ថយការពឹងផ្អែកលើការនាំចូល និងកសាងប្រព័ន្ធស្បៀងអាហារឱ្យកាន់តែមានភាពធន់។

ជាឧទាហរណ៍ជាក់ស្តែង ប្រភពដដែល បានបន្តដូច្នេះទៀតថា ការគាំទ្ររបស់យើងចំពោះក្រុមហ៊ុនលាងឡេង ក្នុងការបង្កើតរោងចក្រកែច្នៃទឹកជ្រលក់ នឹងពង្រីកទីផ្សារ គ្រំចំពុះទាក្នុងស្រុក ដែលជាគ្រឿងផ្សំដ៏សំខាន់សម្រាប់ផលិតទឹកជ្រលក់។ គម្រោងនេះត្រូវបានរំពឹងថានឹងបង្កើនតម្រូវការគ្រុំចំពុះទា ពី៧២តោនទៅជាង៩៥០តោនក្នុងមួយឆ្នាំ និងរួមចំណែកផ្តល់ប្រាក់ចំណូលទៅគ្រួសារយ៉ាងហោចណាស់ ៤០០ គ្រួសារ នៅក្នុងសហគមន៍នេសាទពាមក្រសោប។

ទូតអូស្រ្តាលី​​ បានបញ្ជាក់បន្ថែមថា យើងក៏កំពុងជួយភ្ជាប់ផលិតផលដែលផលិតនៅកម្ពុជាជាមួយអ្នកចែកចាយធំៗ ដើម្បីឱ្យផលិតផលទាំងនោះអាចដាក់លក់បានកាន់តែទូលំទូលាយនៅតាមផ្សារទំនើបទូទាំងប្រទេស។ហេតុនេះ តាមរយៈការគាំទ្រអ្នកផលិតក្នុងស្រុក អូស្ត្រាលីកំពុងជួយកម្ពុជាដើម្បីកសាងប្រព័ន្ធស្បៀងអាហារ ឱ្យមានភាពម្ចាស់ការជាងមុន ព្រមទាំងបង្កើតការងារ គាំទ្រជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ជនបទ និងជំរុញកំណើនសេដ្ឋកិច្ចឱ្យកាន់តែមានភាពធន់នៅកម្ពុជាបន្ថែមទៀត៕ អត្ថបទ៖ហ្សាលីន