នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញចុះសំណេះសំណាល និងដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ នៅសាលាបឋមសិក្សាអង្គខ្មៅ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

នៅក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានសម្តែងក្តីសប្បាយរីករាយដែលបានជួបជុំផ្ទាល់ជាមួយប្រជាពលរដ្ឋ និងអាជ្ញាធរដែនដី។ គិតមកទល់ពេលនេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានចុះបេសកកម្មមនុស្សធម៌ចំនួន ៣៣៤លើក ដោយបានពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋសរុបជាង ១,៣លាននាក់ ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខុមាលភាព និងកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
បន្ថែមពីលើសេវាសុខាភិបាល ឯកឧត្តម ហ៊ុន ម៉ានី បានសម្រេចផ្តល់អំណោយជាផ្លូវបេតុង ១ខ្សែ ប្រវែង ១.៤៥៦ម៉ែត្រ ជូនពលរដ្ឋឃុំសំបូរ តាមការសំណូមពរ ព្រមទាំងបានបង្កើតក្រុមការងារចម្រុះដើម្បីជួយពន្លឿនការធ្វើប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺទាំងមូលឱ្យបានឆាប់រហ័ស។
ជាមួយគ្នានេះ ឯកឧត្តមក៏បានផ្ញើក្តីនឹករលឹកដល់វីរកងទ័ពជួរមុខ និងបានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងច្បាប់អន្តរជាតិ ដើម្បីប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់សន្តិភាព និងការអភិវឌ្ឍជាចីរភាព៕








