ក្រោយពីបានបញ្ចប់ទៅយ៉ាងជោគជ័យ និងទទួលបានការគាំទ្រយ៉ាងខ្លាំងក្លា ព្រឹត្តិការណ៍ប្រគំតន្ត្រីសប្បុរសធម៌ដ៏ធំប្រចាំឆ្នាំ ក្រោមប្រធានបទ «សាមគ្គីភាពមនុស្សធម៌ ដើម្បីមាតុភូមិ និងស្នាមញញឹមកុមារកម្ពុជា» គាំទ្រដល់វីរៈកងទ័ពជួរមុខ មូលនិធិមន្ទីរពេទ្យគន្ធបុប្ផា និងប្រជាជនភៀសសឹក តាមរយៈរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ និងសម្តេចធិបតី ដែលរៀបចំឡើងរយៈពេល៣ថ្ងៃពេញ បានបិទបញ្ចប់ដោយប្រមូលថវិកាសប្បុរសធម៌សរុបចំនួន ២០០លានរៀល។

ឯកឧត្តម ជា លីសែ ទីប្រឹក្សាផលិតកម្ម Galaxy Navatra និងជាអ្នកដឹកនាំរៀបចំព្រឹត្តិការណ៍ប្រគំតន្ត្រីសប្បុរសធម៌ បានមានប្រសាសន៍ថា ថវិកាដ៏មានអត្ថន័យនេះ ត្រូវបានបែងចែកឧបត្ថម្ភជូនដល់វីរកងទ័ពជួរមុខ មូលនិធិមន្ទីរពេទ្យគន្ធបុប្ផា និងជួយទ្រទ្រង់ដល់ប្រជាជនភៀសសឹកនៅភូមិរង់ចាំ ដែលនេះគឺជាស្មារតីសាមគ្គីជាតិដ៏អស្ចារ្យ ដើម្បីបំផុសស្មារតីស្នេហាជាតិ និងរួមគ្នាបង្កើតស្នាមញញឹមដល់កុមារកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តម ជា លីសែ ក្នុងនាមជាអ្នកផ្ដួចផ្ដើមរៀបចំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំផលិតកម្ម Galaxy Navatra ក្រុមហ៊ុន Khmer Beverage និងក្រុមហ៊ុន NANO Sound ព្រមទាំងដៃគូសហការទាំងអស់ ព្រឹទ្ធាចារ្យសិល្បករ សិល្បការិនី តន្ត្រីករ ពិធីករ អាជ្ញាធររាជធានីភ្នំពេញ កងកម្លាំងប្រដាប់អាវុធ ក្រុមគ្រូពេទ្យ ដែលបានលះបង់កម្លាំងកាយចិត្ត ពេលវេលា និងធនធានផ្ទាល់ខ្លួនដោយគ្មានលក្ខខណ្ឌ ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ។
សូមជម្រាបជូនថា មហាព្រឹត្តិការណ៍ប្រគំតន្ត្រីសប្បុរសធម៌ដ៏ធំប្រចាំឆ្នាំ ក្រោមប្រធានបទ៖ «សាមគ្គីភាពមនុស្សធម៌ ដើម្បីមាតុភូមិ និងស្នាមញញឹមកុមារកម្ពុជា» ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការសាមគ្គីភាពរវាងផលិតកម្ម Galaxy Navatra ក្រុមហ៊ុន Khmer Beverage និងក្រុមហ៊ុន NANO Sound និងដៃគូរសហការពីក្រុមហ៊ុនដឹកជញ្ជូន Grab និងផ្សារ MSME Hub ៕







