ក្រុមហ៊ុន ខេ អិន អិន គ្រុប នឹងរៀបចំកម្មវិធីបរិច្ចាគឈាម «១,០០០ ឈាម ១,០០០ សង្ឃឹម» នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ

សង្គម​ និង​សេដ្ឋកិច្ច

(ភ្នំពេញ)៖ នារដូវវស្សានេះ ករណីជំងឺគ្រុនឈាមនៅកម្ពុជាមានការកើនឡើងប្រមាណ ១២,០០០ ករណី និងកំពុងតែបន្តកើនឡើងជារៀងរាល់ថ្ងៃបើតាមការលើកឡើងរបស់ក្រសួងសុខាភិបាលកម្ពុជា។ កត្តានេះបានធ្វើឱ្យតម្រូវការឈាមសង្គ្រោះជីវិតអ្នកជំងឺ ជាពិសេសកុមារតូចៗ កើនឡើងយ៉ាងគំហក! ស្តុកឈាមនៅតាមមន្ទីរពេទ្យ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាមក៏កំពុងតែជួបការខ្វះខាតយ៉ាងខ្លាំង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយសង្កេតឃើញពីតម្រូវការឈាមខ្ពស់ ក្រោមការផ្តួចផ្តើមពី អ្នកឧកញ៉ា ជាម ឃុនណាត ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន KNN Group និងលោកជំទាវ ហេង ចិន្តា​ បានបង្កើតកម្មវិធីបរិច្ចាគឈាមដ៏ធំមួយ ក្រោមប្រធានបទ «១,០០០ ឈាម ១,០០០ សង្ឃឹម» ជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការបំពេញបន្ថែមនូវស្តុកឈាមជាតិ។ កម្មវិធីនេះមានគោលដៅធំចម្បងក្នុងការប្រមូលឱ្យបានឈាម ១,០០០​ ថង់ ដើម្បីរួមចំណែកជួយសង្គ្រោះជីវិតជនរងគ្រោះដែលកំពុងមានតម្រូវការឈាមជាចាំបាច់ ក៏ដូចជាការជម្រុញនិង ផ្សព្វផ្សាយអោយប្រជាជនក្នុងតំបន់យល់ដឹងពីអត្ថប្រយោជន៏នៃការផ្តល់ឈាម។

កម្មវិធីនឹងធ្វើឡើងនៅ៖

  • កាលបរិច្ឆេទ៖ ថ្ងៃសៅរ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៨  ព្រឹក រហូតដល់ ៤ ល្ងាច
  • ទីតាំង៖ គម្រោង មេគង្គ ស៊ីធី (បុរី មេគង្គ លែន) ផ្លូវជាតិ ៦A (ស្ពានលេខ ១០)
  • លក្ខខណ្ឌបរិច្ចាគ៖ សាធារណជនគ្រប់រូបដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ មានសុខភាពល្អ

ក្រុមហ៊ុន KNN Group សូមអំពាវនាវដល់បុគ្គលិក ដៃគូអាជីវកម្ម និងសាធារណជនទាំងអស់ ចូលរួមក្នុងសកម្មភាពសប្បុរសធម៌នេះឱ្យបានច្រើនកុះករ។ រាល់ដំណក់ឈាម ឬការបរិច្ចាគរបស់លោកអ្នក មិនត្រឹមតែជា «ក្តីសង្ឃឹម» ប៉ុណ្ណោះទេ ប៉ុន្តែគឺជាការដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកសង្គ្រោះជីវិតប្រជាជនកម្ពុជា។

សូមចូលរួមបរិច្ចាគឈាមជាមួយយើងខ្ញុំទាំងអស់គ្នានៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ ដើម្បីប្រែក្លាយដំណក់ឈាមរបស់លោកអ្នកឱ្យទៅជាសេចក្តីសង្ឃឹម និងឱកាសថ្មីសម្រាប់អ្នកជំងឺដែលកំពុងត្រូវការ!

សម្រាប់ព័ត៏មានបន្ថែមសូមទាក់ទងមកលេខទូរស័ព្ទ : 095 222 189/ 081 755 844