ក្រោមស្បៃរាត្រី នាវេលាម៉ោង ១២ជាង ឈានចូលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណអភិបាលខេត្តតាកែវ បានដឹកនាំគណប្រតិភូជាន់ខ្ពស់នៃ រដ្ឋបាលខេត្ត បានធ្វើទស្សនកិច្ច នៅខេត្តឈីងហៃ (Qinghai) ប្រទេសចិន ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២៦។

បើតាមការបញ្ជាក់ពី លោក ប៊ុន សម្បត្តិ នាយកទីចាត់ការអន្តរវិស័យ នៃរដ្ឋបាលសាលាខេត្ត បានឱ្យដឹងថា ខេត្តឈីងហៃ (Qinghai) ស្ថិតនៅភាគខាងលិចនៃប្រទេសចិន មានផ្ទៃដីធំទូលាយ ប៉ុន្តែមានប្រជាជនតិច ហើយកម្រិតអភិវឌ្ឍសេដ្ឋកិច្ចនៅមិនទាន់ខ្ពស់បើធៀបនឹងខេត្តភាគកណ្ដាល និងភាគខាងកើតរបស់ប្រទេស។នៅឆ្នាំ២០២៥ ផលិតផលក្នុងស្រុកសរុប (GDP) សម្រាប់មនុស្សម្នាក់របស់ខេត្តឈីងហៃ បានកើនដល់ ៦៩,៥០០ យ័ន (ស្មើនឹងប្រហែល ៩,៦៧០ ដុល្លារអាមេរិក)។
សេដ្ឋកិច្ចរបស់ខេត្តពឹងផ្អែកជាចម្បងលើវិស័យកសិកម្ម ការចិញ្ចឹមសត្វ ឧស្សាហកម្មប្រេងឥន្ធនៈ និងការធ្វើអាជីវកម្មរ៉ែ។ ដោយសារមានវាលស្មៅធម្មជាតិដ៏ធំល្វឹងល្វើយ វិស័យចិញ្ចឹមសត្វមានការអភិវឌ្ឍយ៉ាងល្អប្រសើរ។ ទន្ទឹមនឹងនេះ អណ្តូងប្រេង Qinghai និងអាងប្រេង Qaidam Basin ក៏ជាមូលដ្ឋានផលិតប្រេង និងឧស្ម័នធម្មជាតិដ៏សំខាន់មួយរបស់ប្រទេសចិនផងដែរ។
ក្រៅពីសក្តានុពលសេដ្ឋកិច្ច ឈីងហៃក៏សម្បូរទៅដោយធនធានទេសចរណ៍ធម្មជាតិផងដែរ។ ខេត្តនេះមាន តំបន់ការពារធម្មជាតិ Kekexili (Hoh Xil) និង តំបន់ប្រភពទន្លេទាំងបី (Sanjiangyuan) ដែលជាប្រភពកំណើតនៃ ទន្លេយ៉ង់សេ, ទន្លេលឿង និង ទន្លេឡានឆាង (Lancang River) ដែលហូរចូលប្រទេសកម្ពុជា និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ក្នុងនាមជា ទន្លេមេគង្គ។




