ក្រុមហ៊ុនម៉ាឡេស៊ី មានចំណាប់អារម្មណ៍បណ្តាក់ទុនវិនិយោគលើការផលិតស្ករ និងកែច្នៃស្វាយចន្ទីនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

នាពេលឆាប់ខាងមុខនេះ ក្រុមហ៊ុន RENTAS HOLDING SDN. BH. របស់ម៉ាឡេស៊ី មានចំណាប់អារម្មណ៍បណ្តាក់ទុនវិនិយោគនៅកម្ពុជា ដោយផ្តោតលើការផលិតស្ករ, កែច្នៃស្រូវ និងកែច្នៃស្វាយចន្ទី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមជំនួបពិភាក្សាការងាររវាងលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយគណៈប្រតិភូក្រុមហ៊ុន RENTAS HOLDING SDN. BH. ដែលដឹកនាំដោយ Dato Abdul Halim ប្រធានក្រុមហ៊ុន កាលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦។

នាឱកាសនោះ លោកលេខាធិការ Dato Abdul Halim បានជម្រាបជូនពីការកត់សម្គាល់ឃើញនូវភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា និងសក្តានុពលខ្ពស់ក្នុងការវិនិយោគ។ ទន្ទឹមនេះ Dato Abdul Halim បានឱ្យដឹងថា គោលបំណងនៃការជួបពិភាក្សានាពេលនេះគឺដើម្បីទទួលបាននូវព័ត៌មានលម្អិតពាក់ព័ន្ធនឹងបរិស្ថានវិនិយោគ និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ខណៈក្រុមហ៊ុនមានចំណាប់អារម្មណ៍បណ្តាក់ទុនវិនិយោគលើការផលិតស្ករ, កែច្នៃស្រូវ និងកែច្នៃស្វាយចន្ទី។

ជាការឆ្លើយតប លោក ជា វុទ្ធី បានសម្តែងនូវការគាំទ្រចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុន និងបានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនគិតគូរវិនិយោគបង្កើតរោងចក្រកែច្នៃស្វាយចន្ទី នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសឯកទេសឧស្សាហកម្មកែច្នៃស្វាយចន្ទី ស្ថិតនៅខេត្តកំពង់ធំ ដែលជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងគោលបំណងលើកកម្ពស់ខ្សែច្រវាក់តម្លៃឧស្សាហកម្មកែច្នៃស្វាយចន្ទី និងទាញយកអត្ថប្រយោជន៍ជាអតិបរមាពីឧស្សាហកម្មកែច្នៃស្វាយចន្ទីនេះ។

ជាមួយគ្នានេះ លោកក៏បានបញ្ជាក់ពីការត្រៀមខ្លួនរបស់គណៈកម្មាធិការវិនិយោគកម្ពុជា ក្នុងការផ្តល់ការគាំទ្រ និងសម្របសម្រួលដល់ក្រុមហ៊ុន ក្នុងករណីក្រុមហ៊ុនសម្រេចបណ្តាក់ទុនវិនិយោគនៅកម្ពុជា និងដាក់ពាក្យស្នើសុំចុះបញ្ជីគម្រោងវិនិយោគ ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។

សូមជម្រាបដែរថា ក្រុមហ៊ុន RENTAS HOLDINGS SDN. BHD. គឺជាក្រុមហ៊ុនឯកជនដែលបានបង្កើត និងចុះបញ្ជីនៅប្រទេសម៉ាឡេស៊ី ក្នុងឆ្នាំ ២០២៥ ដែលមានកម្មវត្ថុអាជីវកម្មផ្តោតសំខាន់លើការធ្វើពាណិជ្ជកម្ម និងចែកចាយស្ករ ក្នុងទីផ្សារម៉ាឡេស៊ី និងមានគោលបំណងពង្រីកទំនាក់ទំនង និងកិច្ចសហការអន្តរជាតិ៕អត្ថបទ៖ហ្សាលីន