សហរដ្ឋអាម៉េរិក នឹងបន្តគាំទ្រដល់សកម្មភាពបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

គណៈ​ប្រតិភូ​សមាជិកសភាសហរដ្ឋអាម៉េរិក​ នឹងបន្តគាំទ្ររដ្ឋាភិបាលសហរដ្ឋអាម៉េរិក ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ កម្ពុជា​-សហរដ្ឋអាម៉េរិក​ ឱ្យកាន់តែរីកចម្រើន ពិសេសសហរដ្ឋអាម៉េរិក នឹងបន្តគាំទ្រដល់សកម្មភាពបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជាផងដែរ។នេះបើតាមជំនួបនារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ រវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយលោក Jimmy Panetta សមាជិកសភាប្រចាំរដ្ឋ California មកពីគណបក្សប្រជាធិបតេយ្យ និងសហការរី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាជំនួបនោះ គណៈប្រតិភូសមាជិកសភាសហរដ្ឋអាម៉េរិក បញ្ជាក់ថា ដំណើរទស្សនកិច្ចនេះបានផ្តល់ឱកាសឈ្វេងយល់កាន់តែស៊ីជម្រៅអំពីសក្តានុពលជាក់ស្តែង និងការផ្សារភ្ជាប់ទំនាក់ទំនងទ្វេភាគី​ ហើយគណ:ប្រតិភូ​សមាជិកសភាអាម៉េរិក​ នឹងបន្តខិតខំប្រឹងប្រែជំរញ​ និងគាំទ្រដល់រដ្ឋាភិបាលសហរដ្ឋអាម៉េរិក ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន និងទូលំទូលាយបន្ថែមទៀត។ ក្នុងឱកាសនោះដែរ​, គណៈប្រតិភូបានបញ្ជាក់ជាថ្មីថា សហរដ្ឋអាម៉េរិកនឹងបន្តគាំទ្រដល់សកម្មភាពបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា។

ជាការឆ្លើយតប, សម្តេចធិបតីបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អនៃកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិក ខណៈសម្តេចធិបតីបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹង និងពង្រីកចំណងមិត្តភាព​ និងកិច្ច​សហប្រតិបត្តិការជាមួយអាមេរិក​នេះឱ្យកាន់តែរឹងមា។

សម្តេចធិបតី ក៏បានសង្កត់ធ្ងន់លើកំណើននៃទំហំពាណិជ្ជកម្ម និងការវិនិយោគពីបរទេសនៅកម្ពុជា​ ព្រមទាំងបានលើកឡើងពីការកសាងភាពធន់ផ្នែកសេដ្ឋកិច្ច និងការពង្រឹង​សមត្ថភាព​របស់កម្ពុជា ​ក្នុង​ការជំរុញវិស័យស្នូលសំខាន់ៗ ដូចជា៖ វិស័យ វាយនភណ្ឌ, កសិកម្ម និងការលើកកម្ពស់ការកែច្នៃផលិតផលសម្រេច ដើម្បីបង្កើនការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

សូមជម្រាប់ថា តាមរយៈជំនួបខាងលើសម្តេចធិបតី និងគណៈប្រតិភូសមាជិកសភាសហរដ្ឋអាម៉េរិក ក៏បានផ្លាស់ប្តូរយោបល់គ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ​ លើវិស័យ សុខាភិបាល, សន្តិសុខ និងការការពារជាតិ ផងដែរ។ ទន្ទឹមគ្នានេះ សម្តេចធិបតីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការបន្តគាំទ្ររបស់សហរដ្ឋអាម៉េរិកលើវិស័យបោសសម្អាតមីននៅកម្ពុជាផងដែរ៕អត្ថបទ៖ហ្សាលីន