សាលារៀនសុវណ្ណភូមិប្រកាសអនុវត្តជាផ្លូវការកម្មវិធីសិក្សា SACE International របស់អូស្ត្រាលី ដើម្បីលើកកម្ពស់គុណភាពអប់រំ និងពង្រីកឱកាសសិក្សារបស់សិស្សកម្ពុជាទៅកាន់ស្តង់ដារអន្តរជាតិ

សង្គម​ និង​សេដ្ឋកិច្ច

ភ្នំពេញ៖ សាលារៀនសុវណ្ណភូមិ បានរៀបចំពិធីដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីសិក្សា SACE Internationalនិងពិធីចែកវិញ្ញាបនបត្របញ្ចប់ឆ្នាំសិក្សា ជូនសិស្សានុសិស្សនៃកម្មវិធីអន្តរជាតិបីភាសា ខ្មែរ-អង់គ្លេស-ចិន ក្នុងគោលបំណងចូលរួមលើកកម្ពស់គុណភាពអប់រំ និងពង្រីកឱកាស សិក្សារបស់ សិស្សានុសិស្សកម្ពុជាឆ្ពោះទៅកាន់ស្តង់ដារអន្តរជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ ក្រោមវត្តមានឯកឧត្តម Derek Yipឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា លោកឧកញ៉ា ជា ធីឡាយ អគ្គនាយក និងជាស្ថាបនិកស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប ព្រមទាំងលោកជំទាវ យូ ឈឹម ធីឡាយ លោក ឈឹម ផុនប្រធាននាយកប្រតិបត្តិនៃស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប និងលោក Matt Clarkeប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្មនៃ SACE Internationalផងដែរ។

មិនតែប៉ុណ្ណោះពិធីនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំស្ថាប័នអប់រំ ភ្ញៀវជាតិ និងអន្តរជាតិ លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល និងសិស្សានុសិស្សជាច្រើនកុះករ។

ក្នុងឱកាសដ៏វិសេសវិសាលនះ លោកឧកញ៉ា ជា ធីឡាយ អគ្គនាយក និងជាស្ថាបនិកស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប បានសម្តែងនូវក្តីរីករាយ និងមោទនភាពចំពោះសមិទ្ធផលថ្មីមួយទៀតរបស់សាលារៀនសុវណ្ណភូមិ ក្នុងការពង្រឹង និងអភិវឌ្ឍកម្មវិធីសិក្សាដែលមានលក្ខណៈអន្តរជាតិ និងឆ្លើយតបទៅនឹងតម្រូវការនៃការអប់រំក្នុងសម័យទំនើប។

លោកឧកញ៉ា បានគូសបញ្ជាក់ពីសារៈសំខាន់នៃការអប់រំ ដែលមិនត្រឹមតែផ្តល់ចំណេះដឹងដល់សិស្សានុសិស្សប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវផ្តល់ជំនាញ ភាពច្នៃប្រឌិត សមត្ថភាពក្នុងការគិតវិភាគ និងជំនាញប្រើប្រាស់ភាសាបរទេស ដើម្បីធ្វើឱ្យយុវជនកម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការប្រកួតប្រជែងនៅទីផ្សារការងារ និងបន្តការសិក្សានៅកម្រិតអន្តរជាតិ។

SACE International គឺជាកម្មវិធីសិក្សារបស់រដ្ឋអូស្រ្ដាលីភាគខាងត្បូង ដែលមានការទទួលស្គាល់ជុំវិញពិភពលោក។ SACE គឺជាកម្មវិធីសិក្សាអន្ដរជាតិដែលជួយឱ្យសិស្សមានសមត្ថភាពគ្រប់គ្រាប់សម្រាប់បន្ដការសិក្សានៅសាកលវិទ្យាល័យជុំវិញពិភពលោកដោយពុំចាំបាច់សិក្សាឆ្នាំមូលដ្ឋាន។

បើយោងតាមការបញ្ជាក់របស់លោក ង៉ែត ដារ៉ូ ប្រធានការិយាល័យសិក្សាធិការកម្មវិធីសិក្សាអន្តរជាតិបីភាសា ខ្មែរ-អង់គ្លេស-ចិន បានឱ្យដឹងថា សិស្សដែលបញ្ចប់កម្មវិធីអន្តរជាតិបីភាសា អាចទទួលបានគុណវុឌ្ឍិចំនួនពីរ រួមមាន South Australian Certificate of Education (SACE) និងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបរបស់កម្ពុជា។

លោកបានបញ្ជាក់ទៀតថា គុណវុឌ្ឍិទាំងពីរនេះ នឹងបង្កើតឱកាស និងផ្លូវសម្រាប់សិស្សានុសិស្សក្នុងការបន្តការសិក្សានៅតាមគ្រឹះស្ថានឧត្តមសិក្សានានា ទាំងនៅក្នុងប្រទេសកម្ពុជា និងនៅក្រៅប្រទេស។

ជាមួយគ្នានេះ ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បានអបអរសាទរចំពោះការដាក់ឱ្យអនុវត្តកម្មវិធីសិក្សាថ្មីនេះ និងបានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់លោកឧកញ៉ា ជា ធីឡាយ ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ ក្នុងការបន្តអភិវឌ្ឍកម្មវិធីសិក្សា និងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃវិស័យអប់រំ។

ក្រៅពីការប្រកាសដាក់ឱ្យអនុវត្តកម្មវិធី SACE International ពិធីនេះក៏បានរៀបចំចែកវិញ្ញាបនបត្របញ្ចប់ឆ្នាំសិក្សា ជូនសិស្សានុសិស្សផងដែរ ដែលជាឱកាសមួយដើម្បីអបអរសាទរចំពោះសមិទ្ធផល និងការខិតខំប្រឹងប្រែងរបស់សិស្សានុសិស្សក្នុងការបំពេញការសិក្សាប្រកបដោយការតស៊ូ និងការទទួលខុសត្រូវ។

សិស្សានុសិស្សដែលទទួលបានវិញ្ញាបនបត្រនៅក្នុងឱកាសនេះ ត្រូវបានលើកទឹកចិត្តឱ្យបន្តខិតខំសិក្សា អភិវឌ្ឍចំណេះដឹង និងជំនាញរបស់ខ្លួន ព្រមទាំងប្រើប្រាស់ឱកាសដែលទទួលបានពីកម្មវិធីសិក្សាអន្តរជាតិ ដើម្បីកសាងសមត្ថភាពនិងត្រៀមខ្លួនក្លាយជាធនធានមនុស្សដែលមានគុណភាពសម្រាប់សង្គមជាតិ។

ពិធីនេះបានបញ្ចប់ទៅប្រកបដោយបរិយាកាសរីករាយ និងមោទនភាព ដោយមានការប្រគល់វិញ្ញាបនបត្រជូនសិស្សានុសិស្ស និងការអបអរសាទរចំពោះសមិទ្ធផលដែលសម្រេចបានក្នុងឆ្នាំសិក្សាកន្លងមក។

គួរបញ្ជាក់ផងដែរថា ស្ថាប័នអប់រំ អិន ធី ស៊ីគ្រុប តែងតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបណ្តុះបណ្តាលសិស្សានុសិស្ស ស្របតាមបាវចនា “គុណភាព វិន័យ សេវាកម្ម” ដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យអប់រំនៅប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើន និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងសតវត្សទី២១៕