រាជធានីភ្នំពេញ, នាវេលារសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ នេះ កម្មវិធីសិក្ខាសាលាដ៏មានអត្ថន័យស្តីពី «ភាពជាអ្នកដឹកនាំ និងការវិនិយោគដ៏ឆ្លាតវៃ» ត្រូវបានរៀបចំឡើងយ៉ាងអធិកអធម ក្រោមសហការរៀបចំរវាង ក្រុមហ៊ុន បុរី វិមានសំណាង ម.ក និង សកលវិទ្យាល័យធនធានមនុស្ស ក្នុងគោលបំណងចែករំលែកចំណេះដឹង បទពិសោធន៍ និងលើកទឹកចិត្តដល់សិស្ស-និស្សិតឱ្យត្រៀមខ្លួនជាស្រេចសម្រាប់ឱកាសការងារ និងការធ្វើអាជីវកម្មនាពេលអនាគត។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពខ្ពង់ខ្ពស់របស់៖
• លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុមប្រឹក្សាភិបាលប្រតិបត្តិនៃ ក្រុមហ៊ុន បុរី វិមានសំណាង ម.ក
• លោកបណ្ឌិត ជា សុភាព សកលវិទ្យាធិការនៃ សកលវិទ្យាល័យធនធានមនុស្ស

នៅក្នុងឱកាសនោះ លោកបណ្ឌិត ជា សុភាព បានថ្លែងអំណរគុណ និងគូសបញ្ជាក់ពីសារៈសំខាន់នៃការរៀបចំសិក្ខាសាលានេះឡើង ដែលជាស្ពានចម្លងចំណេះដឹងពីទ្រឹស្តីនៅក្នុងថ្នាក់រៀន ទៅកាន់ការអនុវត្តជាក់ស្តែងក្នុងសង្គម និងទីផ្សារការងារ។

ជាកិត្តិយសនៅក្នុងកម្មវិធី លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានអញ្ជើញជាវាគ្មិនកិត្តិយស ចែករំលែកនូវបទពិសោធន៍ជីវិត យុទ្ធសាស្ត្រនៃការដឹកនាំ និងគន្លឹះសំខាន់ៗក្នុងការវិនិយោគប្រកបដោយភាពឆ្លាតវៃ និងចក្ខុវិស័យវែងឆ្ងាយ។ លោកឧកញ៉ាបណ្ឌិត បានផ្តល់ជាអនុសាសន៍ និងការលើកទឹកចិត្តយ៉ាងជ្រាលជ្រៅដល់ប្អូនៗនិស្សិតឱ្យមានស្មារតីតស៊ូ អភិវឌ្ឍសមត្ថភាពខ្លួនឯងជាប្រចាំ ចេះចាប់យកឱកាស និងមានអត្តចរិតជាអ្នកដឹកនាំគំរូទាំងក្នុងជីវិតផ្ទាល់ខ្លួន និងការងារ។

សិក្ខាសាលានេះបានបញ្ចប់ទៅដោយបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត ដោយមានការចូលរួមយ៉ាងសកម្មពីសំណាក់សមាសភាពគណៈគ្រប់គ្រង លោកគ្រូ-អ្នកគ្រូ និងសិស្ស-និស្សិតរាប់រយអង្គ/នាក់ ដោយបានចោទជាសំណួរ និងទទួលបានចម្លើយយ៉ាងក្បោះក្បាយពីវាគ្មិនកិត្តិយស។





