កម្ពុជា-ប៉ាគីស្ថាន ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការសភា និងការទូតទ្វេភាគីឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា-ប៉ាគីស្ថាន ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការសភា និងការទូតឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត សំដៅជំរុញកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍រួមដល់ប្រជាជន និងប្រទេសទាំងពីរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការប្តេជ្ញាចិត្តនេះ បានធ្វើឡើងនៅក្នុងជំនួបរវាងលោក ឡូយ សុផាត ប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ប៉ាគីស្ថាន និងជាប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា ជាមួយ លោកជំទាវ Rana Shamaila សមាជិកសភានៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន និងជាសមាជិកក្រុមមិត្តភាពរដ្ឋសភាប៉ាគីស្ថាន-កម្ពុជា ក្នុងឱកាសលោកជំទាវអញ្ជើញមកចូលរួមសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ នៅរាជធានីភ្នំពេញ នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦។

ក្នុងជំនួបនេះ ភាគីទាំងពីរបានប្តេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងរវាងរដ្ឋសភា និងក្រុមមិត្តភាពសភានៃប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច ការចែករំលែកបទពិសោធន៍លើវិស័យនីតិកម្ម និងការជំរុញកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍រួមដល់ប្រជាជន និងប្រទេសទាំងពីរ។

នាឱកាសនោះ លោក ឡូយ សុផាត បានគូសបញ្ជាក់ពីសារៈសំខាន់នៃការទូតសភា និងការដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈកិច្ចសន្ទនា និងការគោរពច្បាប់អន្តរជាតិ។

ជាមួយគ្នានេះ លោកស្រី  Rana Shamaila បានបង្ហាញការប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យប្រៃសណីយ៍ ផ្លូវដែក និងយោធា ព្រមទាំងស្នើឱ្យកម្ពុជាពិចារណាបង្កើតស្ថានទូតនៅប្រទេសប៉ាគីស្ថាន ដើម្បីជំរុញ និងសម្រួលទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ លោកស្រី ភាគីប៉ាគីស្ថានក៏បានថ្លែងអំណរគុណចំពោះការរៀបចំសន្និសីទ និងបញ្ជាក់ពីការគាំទ្រកម្ពុជាក្នុងការចូលរួមជាសមាជិកមិនអចិន្ត្រៃយ៍របស់ ISC ព្រមទាំងបានអញ្ជើញគណៈប្រតិភូរដ្ឋសភាកម្ពុជាទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសប៉ាគីស្ថាន។

តាមរយៈជំនួបនេះភាគីទាំងពីរ ក៏បានរំលេចពីឆន្ទៈរួមក្នុងការបន្តពង្រឹងមិត្តភាព ការទូតសភា និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ប៉ាគីស្ថាន ដើម្បីរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពនៃប្រទេសទាំងពីរថែមទៀត៕ អត្ថបទ៖ហ្សាលីន