ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនដល់បងប្អូនអតិថិជនបុរី ឡេង ណាវ៉ាត់ត្រា គម្រោង៦A

សង្គម​ និង​សេដ្ឋកិច្ច

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញ​ជាអធិបតីភាព ក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនដល់បងប្អូនអតិថិជនបុរី ឡេង ណាវ៉ាត់ត្រា គម្រោង៦A ដែលបានសាងសង់រួច។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅលើបណ្តាញសង្គមហ្វេសប៊ុក នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦នេះ ក្រសួងសូមថ្លែងអំណរគុណ ពុកម៉ែ បងប្អូន អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា គម្រោង៦A ទាំងអស់ដែលចូលរួមសហការ អត់ធ្មត់ និងបើកចិត្តទទួលយកដំណោះស្រាយជាជំហានៗ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលឈានមកដល់ការប្រគល់ផ្ទះដែលបានសាងសង់រួចជូនបងប្អូននៅពេលនេះ និងបន្តគិតគូរយកចិត្តទុកដាក់ដោះស្រាយដើម្បីផ្ដល់ផ្ទះ ដី និងបណ្ណកម្មសិទ្ធិ ដែលនៅសេសសល់ជូនដល់ពុកម៉ែ បងប្អូន ជាបន្តបន្ទាប់ទៀតឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានស្នើឱ្យអាជ្ញាធរមូលដ្ឋាន គិតគូររៀបចំរចនាសម្ព័ន្ធគ្រប់គ្រង កម្រិតភូមិ/ឃុំ ហើយប្រជាពលរដ្ឋដែលចូលមករស់នៅ ដោយសារតំបន់រស់នៅជាកន្លែងសមូហភាព ត្រូវសហការគ្នារៀបចំបង្កើតលក្ខន្តិកៈរស់នៅផ្ទៃក្នុង សម្រាប់ការថែទាំហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ លូ ភ្លើងបំភ្លឺសាធារណៈ និងការប្រមូលសំរាមឱ្យមានរបៀបរៀបរយ។

ក្រៅពីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនដល់បងប្អូនម្ចាស់ផ្ទះដែលបានសាងសង់រួច ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសត្រៀមរៀបចំបើកការដ្ឋានសាងសង់ ៣គម្រោងផ្សេងទៀតដំណាលគ្នាតែម្ដង ដើម្បីពន្លឿនការបញ្ចប់ឱ្យបានឆាប់រហ័សបំផុត ជូនដល់អតិថិជនដែលកំពុងទន្ទឹងរង់ចាំ ដើម្បីពន្លឿនការផ្ដល់ជូនទ្រនំសុភមង្គលជូនដល់ពុកម៉ែបងប្អូន ក៏ដូចជាបន្តផ្ដល់ការងារនិងប្រាក់ចំណូលជូនបងប្អូនកម្មករ កម្មការី ជាច្រើនផងដែរ។