លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញទស្សនាស្តង់ពិព័រណ៍នានា ក្នុងព្រឹត្តិការណ៍ ពិព័រណ៍ទេសចរណ៍កម្ពុជា លើកទី១ ក្រោមប្រធានបទ «ខ្មែររួបរួម ដើម្បីទេសចរណ៍កម្ពុជា» ដែលបានរៀបចំឡើងនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល រាជធានីភ្នំពេញ។


ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានអញ្ជើញពិនិត្យ និងស្វែងយល់យ៉ាងយកចិត្តទុកដាក់អំពីផលិតផល និងសេវាកម្មទេសចរណ៍ កញ្ចប់ទស្សនកិច្ច ព្រមទាំងផលិតផលកែច្នៃក្នុងស្រុកជាច្រើនប្រភេទ។ លោកក៏បានជួបសំណេះសំណាល និងផ្តល់ការលើកទឹកចិត្តយ៉ាងកក់ក្តៅដល់ប្រតិបត្តិករទេសចរណ៍ សហគ្រិន និងម្ចាស់អាជីវកម្មក្នុងស្រុកដែលបាននាំយកផលិតផលមកដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍នេះ។
ទន្ទឹមនឹងនោះលោករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ដែលមិនត្រឹមតែចូលរួមផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍ និងអត្តសញ្ញាណវប្បធម៌ខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការគាំទ្រអាជីវកម្មក្នុងស្រុក និងបង្កើតឱកាសពង្រីកបណ្ដាញធុរកិច្ច ព្រមទាំងភាពជាដៃគូរវាងភាគីពាក់ព័ន្ធទាំងអស់ក្នុងវិស័យទេសចរណ៍។
សូមបញ្ជាក់ជូនថា ព្រឹត្តិការណ៍ «ពិព័រណ៍ទេសចរណ៍កម្ពុជា លើកទី១» នេះ ត្រូវបានរៀបចំឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានស្តង់ចូលរួមសរុបចំនួន ៥២ស្តង់។ លើសពីនេះ ក្នុងកម្មវិធីក៏មានការសម្ដែងទម្រង់វប្បធម៌ និងសកម្មភាពកម្សាន្តប្លែកៗជាច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរ ជំរុញចលនាទេសចរណ៍ក្នុងស្រុក លើកកម្ពស់មោទនភាពជាតិ និងរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាប្រកបដោយចីរភាព៕







