បន្ទាប់ពីរកបានបេក្ខភាពទាំង ១០រូប ក្នុងការប្រកួតវីដេអូទេសចរណ៍«ទស្សនាកម្ពុជាក្នុងរដូវកាលបៃតង ឆ្នាំ២០២៦» សារព័ត៌មាន ត្នោត និង ក្រសួងទេសចរណ៍ បានរៀបចំកម្មវិធីជួបពិភាក្សាជាមួយបេក្ខជនទាំង ១០រូប ដើម្បីទទួលបានប្រធានបទសម្រាប់ការប្រកួតជុំផ្តាច់ព្រ័ត្រ និងទទួលបានការណែនាំ (Guidelines) ពីគណៈកម្មការវាយតម្លៃទាំង ៣រូប នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ នៅ ក្រសួងទេសចរណ៍។

កិច្ចជួបពិភាក្សានេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម មហាំម៉ាត់ យូណេះ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋានទស្សនាកម្ពុជារដូវកាលបៃតង, លោក ឡាង សុលីណា អគ្គនាយករង និងជាសមាជិកលេខាធិការដ្ឋានក្រុមការងារជំរុញយុទ្ធនាការទេសចរណ៍រដូវបៃតង (GREEN SEASON), លោក Han Haoyin អ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយ នាយកផ្នែកមាតិកានៃ សារព័ត៌មានត្នោត (TNAOT NEWS), លោក ឆេង សុភ័ក្ត្រ អ្នកបង្កើតមាតិកា អ្នកថតរូប និងសម្របសម្រួលកម្មវិធីផតខាស រួមទាំងបេក្ខជនទាំង ១០រូប (Top 10) ព្រមទាំងអ្នកសារព័ត៌មាន និងភាគីពាក់ព័ន្ធ។

ថ្លែងក្នុងឱកាសជួបពិភាក្សាជាមួយបេក្ខជនទាំង ១០រូបនេះ ឯកឧត្តម មហាំម៉ាត់ យូណេះ បញ្ជាក់ថា ថ្ងៃនេះជាប្រវត្តិសាស្រ្តមួយដែលក្រសួងទេសចរណ៍ សហការជាមួយវិស័យឯកជនលើកទឹកចិត្តដល់អ្នកផលិតមាតិកា និងទទួលស្គាល់តម្លៃនៃស្នាដៃ ក្នុងការលះបង់ ពេលវេលា ដែលអាចនិយាយបានថា អ្នកផលិតវីដេអូ១០រូបដែលបានចូលរួមទាំងអស់ចាប់ពីថ្ងៃនេះនឹងត្រូវបានយកមកជជែក ពិនិត្យ វាយតម្លៃ និងផ្សព្វផ្សាយ។
ឯកឧត្តមអនុរដ្ឋលេខាធិការក៏បានមានប្រសាសន៍បន្តទៀតថា ការប្រកួតវីដេអូទេសចរណ៍«ទស្សនាកម្ពុជាក្នុងរដូវកាលបៃតង ឆ្នាំ២០២៦» នេះ ទទួលបានការគាំទ្រយ៉ាងខ្លាំងក្លា និងចង្អុលបង្ហាញយ៉ាងមោះមុតពីឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ដោយធ្វើឡើងគឺស្របទៅតាមយុត្តិសាស្រ្តនៃយុទ្ធនាការ «រដូវកាលបៃតង (Green Season)» ដែលគឺជាការផ្តល់នូវគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើយ៉ាងណាប្រែក្លាយពីរដូវកាលភ្ញៀវតិច មកជារដូវកាលបៃតង ដើម្បីលើកស្ទួយវិស័យទេសចរណ៍អោយមានកំណើនក្នុងរដូវកាលនេះ។

ការប្រកួតវីដេអូទេសចរណ៍«ទស្សនាកម្ពុជាក្នុងរដូវកាលបៃតង ឆ្នាំ២០២៦» នៅក្នុងជុំផ្តាច់ព្រ័ត្រនេះ បានផ្តោតទៅលើ ប្រធានបទទាំង ៦គួរ ដែលជាយុទ្ធសាស្រ្តគន្លឹះនៃយុទ្ធនាការ «ទស្សនាកម្ពុជានៅរដូវកាលបៃតង» (Green Season) របស់ក្រសួងទេសចរណ៍ ចាប់ពីខែឧសភា ដល់ខែតុលា គឺ៖
១). គួរចង់ឃើញ៖ គយគន់សម្រស់ធម្មជាតិ ព្រៃឈើ និងភ្នំខៀវស្រងាត់ដ៏ស្រស់ស្អាត。
២). គួរស្នាក់នៅ៖ រីករាយនឹងការសម្រាកលំហែកាយនៅតាមរមណីយដ្ឋាន និងផ្ទះសំណាក់ដែលមានបរិយាកាសបរិសុទ្ធ。
៣). គួរភ្លក្ស៖ ភ្លក្សរសជាតិម្ហូបអាហារ និងផលដំណាំស្រស់ៗប្រចាំតំបន់。
៤). គួរទស្សនា៖ ទស្សនារមណីយដ្ឋានវប្បធម៌ ធម្មជាតិ និងទិដ្ឋភាពជីវភាពរស់នៅជនបទ。
៥). គួរសាកល្បង៖ បទពិសោធថ្មីៗ ដូចជាការដើរព្រៃ ផ្សងព្រេង និងការរុករកតំបន់ទេសចរណ៍យុទ្ធសាស្ត្រថ្មី。
៦). គួរទិញ៖ គាំទ្រផលិតផលក្នុងស្រុក ហត្ថកម្ម និងវត្ថុអនុស្សាវរីយ៍ប្រជាជនមូលដ្ឋាន។

ក្នុងឱកាសនោះដែរ លោក ឡាង សុលីណា ដែលជាគណៈកម្មាការដាក់ពិន្ទុស្នាដៃវីដេអូរបស់បេក្ខជនបានកោតសសើរចំពោះស្នាដៃផលិតវីដេអូរបស់បេក្ខជនទាំង ១០នាក់ ដែលជាការបញ្ជាក់ពីសមត្ថភាពពិតរបស់បេក្ខជន ជាពិសេសគុណតម្លៃដ៏ធំធេងដែលបានចូលរួមផ្សព្វផ្សាយពីទេសចរណ៍ក្នុងប្រទេសកម្ពុជា។ ហើយការប្រកួតនេះគឺបានបង្ហាញពីការជំរុញយុទ្ធនាការ «ទស្សនាកម្ពុជានៅរដូវកាលបៃតង ផងដែរ តាមរយៈស្នាដៃវីដេអូប្រកួតនេះ។

គួរឱ្យដឹងដែរថា ក្រសួងទេសចរណ៍ និងសារព័ត៌មាន Tnaot News បានរៀបចំកម្មវិធីប្រកួតប្រជែងផលិតវីដេអូផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា ក្រោមប្រធានបទ «ទស្សនាកម្ពុជាក្នុងរដូវកាលបៃតង ឆ្នាំ២០២៦» ចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ក្នុងគោលបំណងបំផុសស្មារតីនៃការចូលរួមផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍កម្ពុជានៅរដូវកាលបៃតង តាមរយៈការផលិតវីដេអូខ្លីដែលមានភាពច្នៃប្រឌិត និងមានភាពទាក់ទាញទៅតាមតំបន់សក្តានុពលទេសចរណ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា ស្របតាមពាក្យស្លោកចំនួន៣៖
១- ទាំងអស់គ្នាដើម្បីទេសចរណ៍ ទេសចរណ៍ដើម្បីទាំងអស់គ្នា
២- ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព
៣-បុគ្គលម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់។

កម្មវិធីប្រកួតវីដេអូទេសចរណ៍«ទស្សនាកម្ពុជាក្នុងរដូវកាលបៃតង ឆ្នាំ២០២៦» អាចសម្រេចទៅបានដោយមានម្ចាស់ឧបត្ថម្ភដែលប្តេជ្ញាចិត្តគាំទ្រវិស័យទេសចរណ៍ក្នុងស្រុក និងសិល្បៈនៃការបង្កើតស្នាដៃ រួមមាន៖ អាកាសចរណ៍ជាតិកម្ពុជា (AIR CAMBODIA) ក្នុងនាមជាដៃគូអាកាសចរណ៍ផ្តាច់មុខ, AirLee Beauty Center, ធនាគារ ខេ ប៊ី ប្រាសាក់, ក្រុមហ៊ុន E-Gets, ក្រុមហ៊ុន Gold Zone Media, សណ្ឋាគារ ហ័ន ហៃ, Tui Blue Angkor Grace, Kospet Cambodia និង Pathfinder Travel៕







