ឯកឧត្តម ស៊ុន ចាន់ថុល ជួបពិភាក្សាការងារជាមួយសមាគមសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ បន្តពង្រឹងកិច្ចការមនុស្សធម៌នៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

នាព្រឹកថ្ងៃសុក្រ ទី២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃសមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ (The Church of Jesus Christ of Latter-day Saints) ដឹកនាំដោយលោក រ័ត្ន ច័ន្ទសុភា ប្រធានសមាគមប្រចាំកម្ពុជា ដោយមានការចូលរួមពីតំណាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយកដ្ឋានពន្ធដារ និងថ្នាក់ដឹកនាំ ក.អ.ក. ផងដែរ ដើម្បីពិភាក្សាលើការពង្រឹងសកម្មភាពមនុស្សធម៌ ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល ការអភិវឌ្ឍសហគមន៍ និងសុខុមាលភាពសង្គម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាសនាចក្រ ដែលកន្លងមកបានអនុវត្តគម្រោងមនុស្សធម៌ផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់ប្រជាពលរដ្ឋកម្ពុជា សរុបជាទឹកប្រាក់ប្រមាណ ៥០ លានដុល្លារអាម៉េរិក។

ទន្ទឹមគ្នានេះ សមាគមក៏បានលើកឡើងពីផែនការគម្រោងថ្មីៗរបស់ខ្លួន និងបានគោរពស្នើសុំការណែនាំបន្ថែមលើនីតិវិធីពាក់ព័ន្ធ ដើម្បីធានាឱ្យសកម្មភាពមនុស្សធម៌ដំណើរការទៅដោយរលូន ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងផ្តល់អត្ថប្រយោជន៍ជាអតិបរមាដល់ពលរដ្ឋក្នុងមូលដ្ឋាន។

ជាលទ្ធផល តាមរយៈការពន្យល់ និងការបញ្ជាក់យ៉ាងច្បាស់លាស់ពីស្ថាប័នជំនាញ តំណាងសមាគមបានយល់កាន់តែច្បាស់អំពីនីតិវិធីអនុវត្តការងារ ព្រមទាំងបានសម្តែងនូវការពេញចិត្ត និងក្តីសង្ឃឹមយ៉ាងមុតមាំក្នុងការបន្តបង្កើនប្រសិទ្ធភាពគម្រោងជួយសង្គមកម្ពុជា។ មុននឹងបញ្ចប់ គណៈប្រតិភូក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលតែងតែជួយសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីគាំទ្រដល់បេសកកម្មមនុស្សធម៌របស់សមាគមកន្លងមក៕