តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៩២៦/៩១៨ ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ឡាយព្រះហស្តលេខាដោយ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ក្នុងព្រះបរមនាមនិងតាមព្រះរាជត្រាស់បង្គាប់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានត្រាស់បង្គាប់បង្កើត «អង្គភាពសម្របសម្រួលសហគ្រាសធុនតូចនិងមធ្យម» ដែលសរសេរជាអក្សរកាត់ថា «អ.ស.ត.ម.»។

អង្គភាព «អ.ស.ត.ម.» ត្រូវបានបង្កើតឡើងជាច្រកចេញចូលតែមួយ ក្នុងការផ្តល់សេវាសម្របសម្រួលដល់ការស្នើសុំចុះបញ្ជី ការផ្តល់ ឬការបន្តអាជ្ញាបណ្ណ និង/ឬលិខិតអនុញ្ញាតផ្សេងៗ របស់សហគ្រាសធុនតូចនិងមធ្យម ព្រមទាំងតាមដានការអនុវត្តការលើកទឹកចិត្តនានា។ អង្គភាពនេះ ជាអង្គភាពអមទីស្តីការគណៈរដ្ឋមន្ត្រី និងស្ថិតក្រោមការបញ្ជា និងដឹកនាំផ្ទាល់របស់នាយករដ្ឋមន្ត្រី។
យោងតាមព្រះរាជក្រឹត្យ អង្គភាព អ.ស.ត.ម. មានភារកិច្ចសំខាន់ៗរួមមាន៖
១. ផ្តល់ព័ត៌មាន ទទួល និងជួយបំពេញបែបបទសំណុំឯកសារស្នើសុំ រួចបញ្ចូលក្នុងថ្នាលសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច ឬបញ្ជូនទៅក្រសួង ស្ថាប័ន និងអង្គភាពសាធារណៈពាក់ព័ន្ធ។
២. ពិនិត្យជាបឋមលើភាពគ្រប់គ្រាន់នៃសំណុំឯកសារ និងសំណាកគំរូ ព្រមទាំងសម្របសម្រួលការយកសំណាកគំរូដែលជាតម្រូវការក្នុងការចុះបញ្ជី ឬផ្តល់អាជ្ញាបណ្ណ។
៣. កត់ត្រា តាមដាន និងរាយការណ៍អំពីដំណើរការនៃការចុះបញ្ជី ដើម្បីជំរុញនីតិវិធីឱ្យបានទាន់ពេលវេលាកំណត់ និងតាមដានការអនុវត្តការលើកទឹកចិត្តដល់សហគ្រាសធុនតូចនិងមធ្យម។
៤. រៀបចំប្រព័ន្ធប្រតិបត្តិការ និងប្រព័ន្ធឌីជីថលរបស់អង្គភាព ព្រមទាំងធ្វើរបាយការណ៍ប្រចាំត្រីមាស ឆមាស នព្វមាស និងប្រចាំឆ្នាំជូននាយករដ្ឋមន្ត្រី។
ចំពោះរចនាសម្ព័ន្ធគ្រប់គ្រង អ.ស.ត.ម. ដឹកនាំដោយប្រធាន ១ រូប (តែងតាំងដោយព្រះរាជក្រឹត្យ តាមសំណើរបស់នាយករដ្ឋមន្ត្រី) និងមានអនុប្រធានមួយចំនួនជាជំនួយការ (តែងតាំងដោយព្រះរាជក្រឹត្យ ឬអនុក្រឹត្យ) ព្រមទាំងមានលេខាធិការដ្ឋាន និងផ្នែកចំណុះតាមការចាំបាច់។ អង្គភាពនេះទទួលបានកញ្ចប់ថវិកាជាតិដោយឡែក នៅក្នុងក្របខ័ណ្ឌថវិកាប្រចាំឆ្នាំរបស់ទីស្តីការគណៈរដ្ឋមន្ត្រី និងមានសិទ្ធិទទួលធនធានពីដៃគូស្របច្បាប់ផ្សេងទៀត ប្រកបដោយស្វ័យភាពក្នុងការគ្រប់គ្រង និងចាត់ចែងស្របតាមច្បាប់ និងនីតិវិធីហិរញ្ញវត្ថុសាធារណៈជាធរមាន៕





