ក្រុមហ៊ុនចំនួន ១២ បានចុះកិច្ចព្រមព្រៀងចូលរួមបណ្តាក់ទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស កំពត ហ្វូជាន នាពេលឆាប់ខាងមុខនេះ។

នេះបើយោងតាមសន្និសីទ ស្ដីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងក្រុងភីងថាន ខេត្តហ្វូជាន និងខេត្តកំពត នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានដឹកនាំប្រតិភូរដ្ឋបាលខេត្តកំពត។

នាឱកាសនោះ លោក ម៉ៅ ធនិន បានឱ្យដឹងថា ការរៀបចំសន្និសីទនាពេលនេះ ធ្វើឡើងក្នុងគោលបំណងបង្កើតវេទិកាទំនាក់ទំនង រវាងភាគីទាំងពីរ ដើម្បីបង្កើនការយល់ដឹងពីគ្នាឱ្យកាន់តែស៊ីជម្រៅ និងជំរុញកិច្ចសហប្រតិបត្តិការជាក់ស្ដែងលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ជាមួយគ្នានេះ លោក ម៉ៅ ធនិន ក៏បានថ្លែងសុន្ទរកថា និងធ្វើបទបង្ហាញណែនាំអំពីសក្ដានុពល និងឱកាសវិនិយោគក្នុងខេត្តកំពត ជូនដល់ប្រតិភូ និងវិនិយោគិនភាគីចិនផងដែរ។

សូមជម្រាបដែរថា នៅក្នុងអង្គសន្និសីទនេះ មានការចូលរួមពីភាគីចិន រួមមាន លោក យៀក ទឺស៊ីង លេខារងបក្ស និងជាអភិបាលក្រុងភីងថាន, លោក ជា វេយប៊ីន ប្រធានមន្ត្រីអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ពិសោធន៍ចម្រុះភីងថាន, ឧកញ៉ា យ៉ាង ដាហ្វា ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស កំពត ហ្វូជាន ព្រមទាំងក្រុមហ៊ុន និងសហគ្រាសផ្សេងៗចំនួន ៥៧ ។
តាមរយៈកម្មវិធីសន្និសីទនេះដែរ បានបញ្ចប់ទៅដោយពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគ ដោយក្នុងនោះមានក្រុមហ៊ុនចំនួន ១២ បានចុះកិច្ចព្រមព្រៀងចូលរួមបណ្តាក់ទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស កំពត ហ្វូជាន ក្នុងស្រុកជុំគីរី ខេត្តកំពត ប្រកបដោយបរិយាកាសស្និទ្ធស្នាល និងទទួលបានលទ្ធផលយ៉ាងផ្លែផ្កា៕ អត្ថបទ៖ហ្សលីន


