អ្នកជំនាញ បានបញ្ចប់ការចុះសិក្សាការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែនកម្ពុជា-វៀតណាម

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមការងារគម្រោងជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែនកម្ពុជា (3CEP) បានបញ្ចប់ការចុះសិក្សាស្វែងយល់ និងជួបពិភាក្សាការងារ ស្ដីពីស្ថានភាព និងហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែនអន្តរជាតិរបស់ភាគីវៀតណាមជាផ្លូវការហើយ។នេះបើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កាលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក តាំង សាមឿន អនុរដ្ឋលេខាធិការ និងជានាយករងគម្រោង បានអញ្ជើញដឹកនាំក្រុមការងារនៃគម្រោងជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែននៅព្រះរាជាណាចក្រកម្ពុជា (3CEP ) អមជាមួយលោក ណៃ ចំណង់ អគ្គនាយករងសាធារណការនិងជាប្រធានគ្រប់គ្រងគម្រោង និងអ្នកជំនាញការនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ព្រមទាំងក្រុមការងារនៃសម្ព័ន្ធក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCI-BOTEK JV។

ការចុះពិនិត្យរបស់ក្រុមអ្នកជំនាញ គឺដើម្បីចុះសិក្សាស្វែងយល់ និងជួបពិភាក្សាការងារ ស្ដីពីស្ថានភាពច្រកទ្វារព្រំដែនអន្តរជាតិឡេថាញ់ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម (ដែលជាគូរច្រកទ្វារជាមួយច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវរបស់កម្ពុជា) និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ពីគូរច្រកទ្វារខាងលើទៅកាន់តំបន់ទីប្រជុំជន និងតំបន់សេដ្ឋកិច្ចនៅលើទឹកដីនៃប្រទេសវៀតណាម ជាមួយនឹងអាជ្ញាធរពាក់ព័ន្ធរបស់ភាគីវៀតណាម ទទួលបន្ទុកច្រកទ្វារព្រំដែនអន្តរជាតិឡេថាញ់ ដោយមានការអញ្ជើញចូលរួមពី រដ្ឋបាលខេត្តរតនគិរី តំណាងទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ តំណាងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តរតនគិរី និងអាជ្ញាធរពាក់ព័ន្ធនៃច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ។

លើសពីនេះ គោលបំណង នៃការចុះសិក្សានេះដែរ ក៏ដើម្បី ១.ស្វែងយល់ពីស្ថានភាពទូទៅ និងប្រតិបត្តិការដឹកជញ្ជូនប្រចាំថ្ងៃឆ្លងកាត់ច្រកព្រំដែនអន្តរជាតិឡេថាញ់ (វៀតណាម)-អូរយ៉ាដាវ (កម្ពុជា) នេះ ២.ស្ថានភាពតម្រាយផ្លូវតភ្ជាប់ពីចំណុចចុងក្រោយនៃផ្លូវជាតិលេខ ១៩ (QL 19) របស់ភាគីវៀតណាម ដែលតភ្ជាប់ទៅកាន់ទីក្រុងផ្លៃគូ (Pleiku) និងតំបន់ខ្ពង់រាបកណ្តាលរបស់វៀតណាម ៣.ការរៀបចំស្ថានីយ និងហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែនអន្តរជាតិឡេថាញ់ ៤.ស្វែងយល់ពីតម្រូវការ និងទំហំសេដ្ឋកិច្ចដឹកជញ្ជូនទំនិញឆ្លងកាត់របស់ខេត្តហ្សាឡាយ ដែលធ្វើប្រតិបត្តិការដឹកជញ្ជូនកាត់តាមច្រកទ្វារឡេថាញ់-អូរយ៉ាដាវ និង.៥.សិក្សាស្វែងយល់ពីចក្ខុវិស័យរបស់ភាគីវៀតណាម ក្នុងការអភិវឌ្ឍច្រកទ្វារនេះឱ្យមានសក្ដានុពល នាពេលអនាគត។

ជាលទ្ធផល ក្រុមការងារង្នកជំនាញនៃគម្រោង 3CEP សហការជាមួយនឹងក្រុមការងារនៃសម្ព័ន្ធក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCI-BOTEK JV នឹងយកធាតុចូលទាំងអស់ដែលទទួលបានពីការចុះសិក្សា និងពីអាជ្ញាធរនៃច្រកទ្វារព្រំដែនអន្តរជាតិឡេថាញ់នេះ បូកបញ្ចូលជាមួយនឹងលទ្ធផលដែលទទួលបានពីការចុះសិក្សា ២ថ្ងៃកន្លងមក នៅច្រកទ្វារព្រំដែនអន្តរជាតិស្មាច់ និងហ័រឡឺ សម្រាប់យកមកពិចារណារៀបចំជាផែនការអភិវឌ្ឍ និងពង្រីកស្ថានីយ និងហេដ្ឋារចនាសម្ព័ន្ធច្រកព្រំដែនអន្តរជាតិទាំង៤ទីតាំង នៃគម្រោង 3CEP ឱ្យមានភាពសមាមាត្រ ឬប្រហាក់ប្រហែលនឹងគូរច្រកទ្វាររបស់ភាគីវៀតណាម ដែលស្ថិតនៅទល់មុខច្រកទ្វាររបស់កម្ពុជា៕ អត្ថបទ៖ហ្សាលីន