ធនាគារជាតិ សម្រេចបញ្ឈប់ផ្តល់អាជ្ញាបណ្ណថ្មីឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ

សង្គម​និង​សេដ្ឋកិច្ច

ខណៈ បច្ចុប្បន្នគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ធនាគារជាតិនៃកម្ពុជា បានសម្រេចបញ្ឈប់ការផ្តល់អាជ្ញាបណ្ណថ្មី សម្រាប់អាជីវកម្មគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ចាប់ពីថ្ងៃចន្ទ ទី៦ ធ្នូនេះតទៅ ដើម្បីពង្រឹងបន្ថែមទៀតនូវសមត្ថភាពសមាជិករបស់ខ្លួន ក៏ដូចជាការត្រួតពិនិត្យ សំដៅរក្សាស្ថិរភាពហិរញ្ញវត្ថុ និងអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជា បានលើកទឹកចិត្តឲ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដែលមានស្រាប់ ធ្វើការច្របាច់បញ្ចូលគ្នា ដើម្បីលើកកម្ពស់ការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយគុណភាព ប្រសិទ្ធភាព និងមានតម្លៃសមរម្យសម្រាប់ក្រមហ៊ុន សហគ្រាស និងសាធារណជនផងដែរ។

ទោះយ៉ាងណា ធនាគារជាតិនៃកម្ពុជា បានស្វាគមន៍ចំពោះអ្នកវិនិយោគដែលមានជំនឿទុកចិត្តលើប្រព័ន្ធធនាគារ និងវិនិយោគិនថ្មីៗដែលចាប់អារម្មណ៍លើការវិនិយោគក្នុងវិស័យធនាគារនៅប្រទេសកម្ពុជា។

យោងតាមរបាយការណ៍ពីធនាគារជាតិនៃកម្ពុជា គិតមកត្រឹមខែធ្នូ ឆ្នាំ២០១៤ មានធនាគារពាណិជ្ជចំនួន ៣៦ ធនាគារឯកទេស ១១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ៤០ ប្រតិបត្តិករឥណទានដែលបានចុះបញ្ជី ៣៨ និងក្រុមហ៊ុនភតិសន្យា ៦ ដែលបានចូលរួមសកម្មភាពក្នុងវិស័យហិរញ្ញវត្ថុ ។ ក្នុងចំណោមគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទាំងអស់ ធនាគារពាណិជ្ជបានដើរតួនាទីជាអ្នកផ្តល់សេវាទូទាត់ ដ៏សំខាន់បំផុតដោយសារពួកគេទទួលបានអត្ថប្រយោជន៍ផ្នែកគតិយុត្តិ និងស្ថាប័នក្នុងការទទួលបាននូវប្រាក់បញ្ញើពី សាធារណជន ។ ប្រាក់បញ្ញើរបស់ធនាគារផ្តល់ជាមូលដ្ឋានដ៏សំខាន់សម្រាប់ប្រតិបត្តិការទូទាត់ដែលមិន ប្រើប្រាស់ សាច់ប្រាក់ដូចជាការផ្ទេរឥណទាន ឥណពន្ធផ្ទាល់ និងការទូទាត់ដោយប្រើប្រាស់ប័ណ្ណទូទាត់ ។

លើសពីនេះ ធនាគារពាណិជ្ជក៏បានដាក់ឲ្យប្រើប្រាស់និងគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធទូទាត់ដូចជាម៉ាស៊ីន ATM និងម៉ាស៊ីនឆូតកាត (POS) ផងដែរ៕