បណ្ឌិត សុខ ទូច៖ កម្ពុជាគួរផ្តោតលើមុខព្រួញសំខាន់ ៥ ដើម្បីជំរុញវឌ្ឍនភាពវិស័យទេសចរណ៍

សង្គម​និង​សេដ្ឋកិច្ច

ជាមួយនឹងស្ថិរភាពនយោបាយ សន្តិសុខសង្គម និងសក្ដានុពលទេសចរណ៍ដ៏សម្បូរបែបដែលប្រទេសកម្ពុជាមាន លោកបណ្ឌិតសុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់អំពីលទ្ធភាពនៃការជំរុញវឌ្ឍនភាពនៃវិស័យទេសចរណ៍​របស់កម្ពុជា តាមរយៈការពង្រឹង និងជំរុញបង្កើននូវប្រភេទគោលដៅទេសចរណ៍របស់ខ្លួនឱ្យកាន់តែសម្បូរបែបសម្រាប់ភ្ញៀវទេសចរដែលមានបំណង មកកម្សាន្តនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងនៅក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងរាជបណ្ឌិត្យសភាកម្ពុជា ជាមួយនឹងសមាគមទេសចរណ៍កម្ពុជា ព្រមទាំងសណ្ឋាគារធំៗចំនួន៤នៅកម្ពុជា កាលពីថ្ងៃចន្ទ ទី១៣ម្សិលមិញ លោកបណ្ឌិត សុខ ទូច បានលើកឡើងថា ដើម្បីជំរុញវឌ្ឍនភាពវិស័យទេសចរណ៍ និងកំណើនភ្ញៀវទេសចរ កម្ពុជាគួរផ្ដោតលើមុខព្រួញទេសចរណ៍សំខាន់៥។

បើតាមបណ្ឌិត សុខ ទូច បច្ចុប្បន្ន គោលដៅទេសចរណ៍ទីមួយ ដែលភ្ញៀវទេសចរនឹកឃើញមុនគេសម្រាប់ប្រទេសកម្ពុជា គឺជាគោលដៅទេសចរណ៍វប្បធម៌ ដែលជាប្រទេសមានវប្បធម៌ចំណាស់ជាងគេនៅអាស៊ីអាគ្នេយ៍ ពិសេសសំណង់ប្រាសាទអង្គរវត្ត ដែលជាបេតិកភណ្ឌពិភពលោក និងជាសំណង់ប្រាសាទធំជាងគេដែលឧទ្ទិសដល់សាសនា។ ក្រៅពីនេះ កម្ពុជានៅមានសក្ដានុពលទេសចរណ៍ធម្មជាតិ ដែលរួមមានបឹងទន្លេសាប ព្រៃភ្នំ និងឆ្នេរសមុទ្រដ៏ស្រស់ស្អាត ដែលបានទាក់ទាញភ្ញៀវទេសចរឱ្យមកធ្វើដំណើរកម្សាន្តជាបន្តបន្ទាប់។

អ្នកជំនាញស្រាវជ្រាវរូបនេះ បានអះអាងថា ដើម្បីទាក់ទាញភ្ញៀវទេសចរមកកម្សាន្តនៅកម្ពុជាជារៀងរាល់ឆ្នាំនេះ គប្បីត្រូវធ្វើការពង្រឹង និងតភ្ជាប់គ្នាបន្ថែមទៀត តាម​រយៈការពង្រីកបន្ថែមនូវប្រភេទគោលដៅទេសចរណ៍ផ្សេងៗទៀត ដែលក្នុងនោះមានដូចជាទេសចរណ៍សិប្បនិម្មិត ទេសចរណ៍ផលិតផល និងទេសចរណ៍សុខាភិបាល។ សម្រាប់ប្រភេទទេសចរណ៍សិប្បនិម្មិត ត្រូវបានលោកបណ្ឌិតគូសបញ្ជាក់ថា ប្រភេទទេសចរណ៍នេះ ត្រូវបានអភិវឌ្ឍ និងដាក់ឱ្យដំណើរការរួចហើយ នៅតាមបណ្ដាប្រទេសមួយចំនួន រួមមានដូចជាប្រទេសជប៉ុន សិង្ហបុរី និងប្រទេសម៉ាឡេស៊ី ដែលបានទាក់ទាញភ្ញៀវទេសចរជាច្រើនឱ្យទៅដើរកម្សាន្ត និងប្រមូលបានចំណូលយ៉ាងច្រើនសម្រាប់សេដ្ឋកិច្ចប្រទេសទាំងនោះ។

ចំណែកទេសចរណ៍ផលិតផល ក៏ជាប្រភេទទេសចរណ៍ប្រកបដ៏សក្ដានុពល ដែលបណ្ឌិត សុខ ទូច បានលើកឡើងថា វាជាវត្ថុតំណាងឱ្យភ្ញៀវទេសចរចងចាំ និងនឹករឭកដល់ទីតាំងទេសចរណ៍ដែលពួកគេបានទៅដល់ ព្រមទាំងជា ការផ្សព្វផ្សាយដោយប្រយោលមួយ នៅពេលដែលភ្ញៀវទេសចរទាំងនោះត្រឡប់ទៅវិញ ហើយបានបង្ហាញទៅកាន់អ្នកដទៃផ្សេងទៀត ដែលធ្វើឱ្យគេនឹកស្រមៃដល់ការដើរកម្សាន្តនៅទីតាំងទេសចរណ៍នោះ។

ទោះជាយ៉ាងណា លោកបណ្ឌិតបានបញ្ជាក់ថា សព្វថ្ងៃ ប្រភេទទេសចរណ៍ផលិតផលនេះនៅមានកម្រិតនៅឡើយ ដែលទាមទារឱ្យមានការពង្រឹង និងជំរុញឱ្យកាន់តែខ្លាំងនូវអ្វីដែលជាផលិតផលរបស់ខ្មែរ។ បន្ថែមលើនេះលោកបានលើកឡើងនូវគោលការណ៍សំខាន់៤ សម្រាប់វិស័យទេសចរណ៍គឺ តម្លៃទាប ឆ្ងាញ់ គុណភាព និងស្នាមញញឹម ជាគោលការណ៍សំខាន់បំផុតដើម្បីជំរុញវិស័យទេសចរណ៍កម្ពុជា ឱ្យមានវឌ្ឍនភាពកាន់តែប្រសើរឡើងថែមទៀត៕