ថ្ងៃទី១មករាឆ្នាំនេះ ប្រជាជនអាស៊ានទទួលបានកាដូពាណិជ្ជកម្មដ៏ធំ បន្ទាប់ពីចរចាអស់ ៨ឆ្នាំ

សង្គម​និង​សេដ្ឋកិច្ច

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ហៅកាត់ជាភាសាអង់គ្លេស RCEP ត្រូវ​ចាប់អនុវត្តជាផ្លូវការ​ពី​ថ្ងៃទី ១ ខែ​មករា​ ឆ្នាំ២០២២នេះតទៅ។ ដែលនេះជាការបោះ​មួយ​ជំហាន​ធំ​របស់អាស៊ី ឆ្ពោះទៅរក​សមាហរណកម្ម​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ក្រោយ​ខិតខំប្រឹងប្រែងចរចា អស់រយៈពេល ៨ឆ្នាំ ដែលបានចុះហត្ថលេខា កាលពី​ចុងឆ្នាំ ២០២០កន្លងទៅ បន្ទាប់​ពី​អូស្ត្រាលី និង​នូវែលសេឡង់​ បាន​ផ្តល់​សច្ចានុម័ត​ដល់​កិច្ចព្រមព្រៀង​នេះ។

កិច្ចព្រមព្រៀងនេះ វាបានក្លាយ​ជា​តំបន់​ដោះដូរ​ពាណិជ្ជកម្ម​សេរីដ៏ធំជាងគេ​ក្ក្នុងពិភពលោក ព្រោះប្រមូលផ្គុំជាលើកទីមួយដោយមហាអំណាច​សេដ្ឋកិច្ច​អាស៊ី ទាំងបី គឺ​ចិន ជប៉ុន និង​កូរ៉េខាងត្បូង និងដំណាងឱ្យ ៣០%នៃផលិតផលក្នុងស្រុកសរុប របស់ពិភពលោក។ គេ​រំពឹង​ថា កិច្ចព្រមព្រៀង​នេះ​ នឹង​លុប​ចោល​ពន្ធ​គយ​លើ​ទំនិញ​ជាង ៩០% ដែល​ត្រូវ​បាន​ធ្វើ​ពាណិជ្ជកម្ម​នៅ​ក្នុង​តំបន់​នេះ។

ពិសេស​ជាង​នេះ​ទៀត កិច្ច​ព្រមព្រៀង RCEP នេះ ត្រូវ​គេ​រំពឹង​ថា​នឹង​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​និង​ពេលវេលា​សម្រាប់​ក្រុមហ៊ុន​នានា ដោយ​អនុញ្ញាត​ឲ្យ​ពួកគេ​នាំ​ចេញ​ផលិតផល​ទៅ​កាន់​ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​នេះ​បាន ដោយ​មិន​ចាំបាច់​បំពេញ​តាម​តម្រូវការ​ដាច់​ដោយ​ឡែក​សម្រាប់​ប្រទេស​នីមួយៗ។

សម្រាប់កិច្ចព្រមព្រៀង​ RCEP នេះដែលវាផ្តោតជាសំខាន់​ទៅលើ​កាត់បន្ថយពន្ធ រវាង​ប្រទេស​សមាជិក នៅក្នុង​វិស័យ ឧស្សាហកម្ម​វាយនភណ្ឌ ពាណិជ្ជកម្ម​ផ្នែក​សេវា កសិកម្ម និងជំរុញការវិនិយោគ​ដើម្បី​ជួយ សេដ្ឋកិច្ច​របស់​ប្រទេស​ដែលកំពុង​អភិវឌ្ឍ​ឲ្យ​ដើរទាន់ ប្រទេស​ដទៃទៀត ក្នុង​ពិភពលោក។

អ្នក​វិភាគ​នានា​មើល​ឃើញ​ថា កិច្ច​ព្រមព្រៀង​នេះ​នឹង​ផ្ដល់​ផល​ប្រយោជន៍​ធំ​សម្រាប់​ប្រទេស​ចិន​នៅ​ក្នុង​ការ​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រទេស​វៀតណាម​ចាត់​ទុក​កិច្ចព្រមព្រៀង RCEP នេះ​ជា​ជោគជ័យ​មួយ​ក្នុង​ចំណោម​ជោគជ័យ​ជាច្រើន​ក្នុង​សមាហរណកម្ម​សេដ្ឋកិច្ច​អន្តរជាតិ ជា​ពិសេស​ក្នុង​បរិបទ​ជំងឺ​កូវីដ​១៩ និង​តម្រូវការ​នៃ​ការ​ងើប​សេដ្ឋកិច្ច​ឡើង​វិញ។ បូក​ជាមួយ​នឹង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​វៀតណាម​ចំនួន ១៤ ផ្សេង​ទៀត​ដែល​បាន​ចូល​ជា​ធរមាន​រួច​ហើយ​នោះ កិច្ចព្រមព្រៀង RCEP ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ជួយ​ធ្វើ​ឱ្យ​មាន​ការ​នាំ​ចេញ​ទំនិញ​វៀតណាម​ទៅ​ទីផ្សារ​កាន់​តែ​ច្រើន​ជាមួយ​នឹង​អត្រា​ពន្ធគយ​ទាប​ជាង​មុន។​

ដូចគ្នានេះដែរ តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជារំពឹងថា ការនាំចេញទំនិញសក្ដានុពលដូចជា សម្លៀកបំពាក់ ស្បែកជើង កាបូបធ្វើដំណើរ និងអង្ករជាដើម នឹងមានការកើនឡើង ហើយវាក៏មានការបើកបើកទូលាយទីផ្សារ សម្រាប់កសិផល ដទៃទៀតដូចជា បន្លែត្រីសាច់ជាដើម។

លោក ប៉ាន សូរ​ស័ក្ត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លើកឡើងពេលថ្មីៗនេះថា កិច្ចព្រមព្រៀង RCEP មាន​សារៈសំខាន់ ដែល​នឹង​បង្កើត​នូវ​ក្រប​ខណ្ឌ​ភាព​ជា​ដៃគូ​ដែល​មាន​លក្ខណៈ​ទំនើប ទូលំទូលាយ គុណភាព​ខ្ពស់ ព្រមទាំង​ផ្តល់​អត្ថប្រយោជន៍​សេដ្ឋកិច្ច​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក ដែល​នឹង​សម្រួល​ដល់​ការ​ពង្រីក​ខ្សែ​ច្រវាក់​ផ្គត់​ផ្ត​ង់​ពាណិជ្ជកម្ម​និង​ការ​វិនិយោគ​ ជា​ពិសេស​ការ​ចូលរួម​ចំណែក​ក្នុង​ការ​ស្តារ​សេដ្ឋកិច្ច​កម្ពុជា និង​តំបន់​ឡើង​វិញ​បាន​ឆាប់រហ័ស​ពី​វិបត្តិ​កូ​វី​ដ​-១៩​។

ទោះយ៉ាងណាក៏ដោយបើតាមអ្នកជំនាញសេដ្ឋកិច្ចបានអះអាងថា សម្រាប់កម្ពុជា អាចប្រឈមនឹងការប្រកួតប្រជែងចំពោះការផលិតជាមួយនឹងប្រទេសជិតខាង ដោយការផលិតរបស់កម្ពុជាបច្ចុប្បន្ន នៅតែមានការចំណាយថ្លៃដើមខ្ពស់ជាងគេប្រទេសជិតខាង។ ប្រទេសជិតខាងអាចផលិតបានក្នុងតម្លៃថោកជាងកម្ពុជា និងក្នុងបរិមាណច្រើនស្របតាមតម្រូវការ។

ចំណែក ប្រទេសថៃ ក៏រំពឹងនឹងទទួលបានការជម្រុញសេដ្ឋកិច្ច ជាពិសេសការនាំចេញ និងវិស័យទេសចរណ៍បន្ថែមទៀត ដោយកិច្ចព្រមព្រៀងនេះ។

វិស័យឯកជននៅក្នុងប្រទេសថៃ បានលើកឡើងថា អត្ថប្រយោជន៍សំខាន់ជាងគេរបស់ កិច្ចព្រមព្រៀង RCEP នេះគឺ ការបង្កើតតំបន់នីយកម្ម ដោយជោគជ័យ ដែលអាចនឹងជំនួស សាកលភាវូបនីយកម្ម នៅពេលណាមួយ ដែលមានជម្លោះ និងសម្ពាធពី សង្គ្រាមពាណិជ្ជកម្មសកល ឬវិបត្តិមេរោគឆ្លងជាដើម។

ជុំវិញការចុះហត្ថលេខាលើកិច្ចព្រមព្រៀង RCEP នេះដែរ ប្រទេសជប៉ុន ក៏រំពឹងទាញបានប្រយោជន៍ច្រើនណាស់ដែរ ដោយសារតែដៃគូពាណិជ្ជកម្មធំៗរបស់ខ្លួន គឺ ចិន និងកូរ៉េខាត្បូង ក៏ស្ថិតនៅក្នុងកិច្ចព្រមព្រៀងនេះដែរ។

តាមរយៈសារព័ត៌មាន Japantimes បានឲ្យដឹងថា កិច្ចព្រមព្រៀង RCEP នឹងគ្របដណ្ដប់លើ ៤៦% នៃពាណិជ្ជកម្មសរុប របស់ជប៉ុន ហើយវានឹងធ្វើឲ្យកិច្ចព្រមព្រៀងពាណិជ្ជកម្មទី១ របស់ជប៉ុន ដែលបានធ្វើជាមួយនឹង ចិន និងកូរ៉េខាត្បូង។

សូមជម្រាបថា ក្រោមកិច្ចព្រមព្រៀងនេះ ការនាំចេញទំនិញ របស់ជប៉ុនប្រមាណ ៨៦% នឹងត្រូវបានរួចពន្ធសម្រាប់នាំចេញ ទៅប្រទេសចិន និង ៨១% រួចពន្ធសម្រាប់នាំចេញទៅកូរ៉េខាងត្បូង និង ៨៨% សម្រាប់នាំចេញទៅប្រទេសអាស៊ាន អូស្ត្រាលី និងណូវេស័រឡង់។

គួររំលឹកថា កិច្ចព្រមព្រៀងពាណិជ្ជកម្ម RCEP ត្រូវបានចាប់ផ្តើមចរចារតាំងពីឆ្នាំ ២០១៣មក ដែលត្រូវបានចុះហត្ថលេខាដោយ សមាជិកអាស៊ាន ១០ប្រទេស ប្រទេសអូស្រ្តាលី ប្រទេសចិន ប្រទេសជប៉ុន ប្រទេសកូរ៉េខាងត្បូង និងប្រទេស នូវែលសេឡង់ ខណៈនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២នេះ ត្រូវចូលជាធរមាន៕