ឆ្នាំ២០២១ រដ្ឋប្រមូលពន្ធដារបានជាង ២ពាន់លានដុល្លារអាមេរិក លើសផែនការកំណត់

សង្គម​និង​សេដ្ឋកិច្ច

ក្នុងឆ្នាំ២០២១​ អគ្គនាយកដ្ឋានពន្ធដារ​ ប្រមូល​ចំណូលពន្ធ-អាករ​សរុប​បានចំនួន​ប្រមាណ​ជាង ២,៧ពាន់លាន​ដុល្លារ​ ស្មើនឹង​១២៤, ០២%​គឺកើន​លើស​ផែនការ​កំណត់ដោយច្បាប់ហិរញ្ញវត្ថុ​ឆ្នាំ២០២១។​ កំណើន​លើសផែនការ​នៃការ​ប្រមូលពន្ធ​នេះ លោក គង់ វិបុល​ អគ្គនាយក​នៃអគ្គនាយកដ្ឋានពន្ធដារ​ បាន​គូសបញ្ជាក់ថា ដោយសារ​ការយកចិត្តទុក​ដាក់​របស់​មន្ត្រី ​ការអនុវត្ត​នូវប្រព័ន្ធ​គ្រប់គ្រង​លិខិត​ប្រកាសពន្ធ​លើប្រាក់​ចំណេញ​តាមអនឡាញ ​និងការ​ប្រកួតប្រជែង​ដោយស្មើភាពគ្នា​ក្នុង​ចំណោម​មជ្ឈដ្ឋាន​វិនិយោគក្នុង​ប្រទេស​កម្ពុជា។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
May be an image of 2 people, people standing and indoor

បើតាមរបាយការណ៍ស្តីពីលទ្ធផលការងារប្រមូលចំណូលពន្ធឆ្នាំ ២០២១ និងទិសដៅការងារឆ្នាំ ២០២២ របស់អគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងថា ក្នុងរយៈពេលពេញមួយឆ្នាំ២០២១ កម្ពុជាសម្រេចបានចំណូលពន្ធ-អាករសរុបចំនួនជាង២,៧ពាន់លានដុល្លារ(២៧៨១,៩២លានដុល្លារ)  ស្មើនឹង១២៤,០២% នៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងក្នុងឆ្នាំ២០២១។ របាយការណ៍បន្តទៀតថា ចំនួននេះ គឺលើសផែនការឆ្នាំ២០២១ ចំនួន៥៣៨,៨៥លានដុល្លារ ស្មើ២៤ ,០២% ដែលអគ្គនាយកដ្ឋានបានកំណត់ប្រមូលចំណូលពន្ធចំនួនតែជាង២,២ពាន់លានដុល្លារ (២២៤៣,០៧លានដុល្លារ)ប៉ុណ្ណោះ។

របាយការណ៍ដដែលបញ្ជាក់ថា ទោះបីជាលទ្ធផលប្រមូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារក្នុងឆ្នាំ២០២១កន្លងទៅ មានភាពប្រសើរច្រើនយ៉ាងណាក្តី ប៉ុន្តែបើធៀបជាមួយនឹងចំណូលពន្ធក្នុងរយៈពេលដូចកាលពីឆ្នាំ២០២០ គឺថយចុះប្រមាណជាង១០៧,០៩លានដុល្លារ ស្មើនឹង-៣,៧១% ខណៈទំហំចំណូលពន្ធក្នុងឆ្នាំ២០២០មានចំនួនជិត៣ពាន់លានដុល្លារ (២ ៨៨៩,០២ ​លាន​ដុល្លារ)។ 

ដោយឡែក ចំពោះលទ្ធផលប្រមូលពន្ធសម្រាប់ខែធ្នូឆ្នាំ២០២១ អគ្គនាយកដ្ឋានពន្ធដារសម្រេចបានចំនួនជាង២២១,៦៨លានដុល្លារ ស្មើនឹង៩ ៨៨% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ គឺមានចំនួនជាង២៤០លានដុល្លារ។

សម្រាប់ទិសដៅផែនការគ្រប់គ្រងនិងការប្រមូលចំណូលពន្ធក្នុងឆ្នាំ២០២២នេះវិញ អគ្គនាយកដ្ឋានពន្ធដារ ក៏បានដាក់ចេញនូវគោលការណ៍យុទ្ធសាស្ត្រសំខាន់ៗមួយចំនួនថែមទៀតផងដែរ ដូចជា៖ បន្តរៀបចំយន្តការគ្រប់គ្រងចំណូលពន្ធក្នុងវិស័យធំៗ ដែលមានសក្តានុពលសម្រាប់ចំណូលពន្ធ ការបន្តរៀបចំសេចក្តីព្រាងច្បាប់ថ្មីស្តីពីសារពើពន្ធថ្មី  បន្តអនុវត្តវិធានការទារបំណុលពន្ធរុំាំរ៉ៃ ដែលសហគ្រាសរឹងរូសពុំព្រមចូលមកទូទាត់បំណុលពន្ធ ការបន្តធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងជំរុញសហគ្រាសក្នុងវិស័យល្បែងពាណិជ្ជកម្ម(កាស៊ីណូ) ចូលខ្លួនមកចុះបញ្ជីពន្ធដារជាដើម៕