ប្រវត្តិសាស្រ្ត​ថ្មី ​​តូយ៉ូតា​នាំ​ចូល​រថយន្ត​ដឹក​តាម​នាវា​ជាង ២០០ គ្រឿង​ តាម​កំពង់ផែ​ខេត្តព្រះសីហនុ

សង្គម​និង​សេដ្ឋកិច្ច

នាវាប្រភេទ RORO ឈ្មោះ Astra Ace បាន​ដឹក​រថយន្តថ្មីរបស់ក្រុមហ៊ុន Toyota (Cambodia) Co. Ltd មានចំនួនច្រើនរហូតដល់ ២៥៨ គ្រឿង តាមមាត់ច្រកកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះ​ជា​ប្រវត្តិសាស្រ្តថ្មី និងលើកទី២ ដែលមាន​ការ​ដឹក​រថយន្ត​ថ្មី​ចូល​ច្រើន​បំផុត​តាម​កំពង់ផែខេត្តព្រះសីហនុ ដែល​ជា​ច្រក​ដឹក​ជញ្ជូនតាម​​សមុទ្រ​ដ៏​សំខាន់​នៃ​ប្រទេស​កម្ពុជា។

បើតាម​ប្រភព​ពី​បុគ្គលិកជាន់ខ្ពស់​របស់​ក្រុមហ៊ុនតូយ៉ូតា​ប្រចាំ​នៅ​កម្ពុជា​បាន​ឲ្យ​ឧកញ៉ាញូស៍​ដឹង​ថា រថយន្ត​តូយ៉ូតា​ជាង ២០០ គ្រឿង​ដែល​ដឹក​មក​ដល់​កំពង់ផែ​ខេត្តព្រះសីហនុ​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ​មានប្រភព​ពី​ប្រទេស​ឥណ្ឌូណេស៊ី។

បើ​តាមបុគ្គលិកដដែលបន្ត​ថា ពីមុន​ការ​ដឹក​តាម​នាវា​ត្រូវ​ឈប់​សំចត​នៅប្រទេស​​ថៃ​ មុន​ដឹក​ជញ្ជូនបន្ត​មក​ប្រទេស​កម្ពុជា​តាមច្រក​ប៉ោយប៉ែត។

ដោយឡែក​ការ​ដឹក​តាម​នាវា​ដោ​យ​ផ្ទាល់ពីប្រទេស​ឥណ្ឌូណេស៊ី​​មក​កាន់​កំពង់ផែ​ខេត្ត​ព្រះសីហនុ ចំណេញ​ទាំង​ពេលវេលា​ និង​ថវិកា ដោយ​មិន​ចាំបាច់​ខាតពេល​ត្រូវ​រង់ចាំ​ដឹក​បន្ត​ពី​ប្រទេស​ថៃ​ដូច​មុន​ទៀត​ទេ៕