ខែកុម្ភៈនេះក្រសួងសាធារណការ អនុវត្តកម្មវិធី Mobile App ដកពិន្ទុបណ្ណបើកបរទៅលើម្ចាស់យានយន្តខុសច្បាប់ចរាចរណ៍ទាំងអស់

សង្គម​និង​សេដ្ឋកិច្ច

មានប្រសាសន៍នៅក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការដែលប្រើប្រាស់ទោចក្រយានយន្តរបស់ក្រសួងសាធារណការនិងដឹកជញ្ចូន នៅថ្ងៃពុធ ទី២ កុម្ភៈម្សិលមិញ លោក ស៊ុន ចាន់ថុល បានលើកឡើងថា នាអំឡុងពាក់កណ្តាលខែកុម្ភៈខាងមុខនេះ ក្រសួងសាធារណការ និងអគ្គស្នងការនគរបាលជាតិ នឹងចាប់ផ្តើមអនុវត្តកម្មវិធី Mobile App សម្រាប់ប្រើប្រាស់តាមដាន និងគ្រប់គ្រងការបើកបររបស់ម្ចាស់យានយន្តលើដងផ្លូវ តាមរយៈការដកពិន្ទុទៅលើអ្នកបើកបរខុសច្បាប់ទាំងអស់ក្នុងប្រទេសកម្ពុជា។ លោកសង្កត់ធ្ងន់ថា ការដកពិន្ទុដែលត្រូវដក គឺអាស្រ័យទៅលើបទល្មើសជាក់ស្តែង រឺមួយពិន្ទុចំពោះបទល្មើសមួយករណី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
May be an image of 16 people, people standing and indoor

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបញ្ជាក់ថា ម្ចាស់យានយន្តទាំងអស់ គឺមានពិន្ទុពេញចំនួន១២ ដែលជាពិន្ទុសម្រាប់ចំណុចចាប់ផ្តើមនៃការអនុវត្តកម្មវិធី Mobile App ។ លោកថ្លែងថា៖ “ប្រសិនបើម្ចាស់យានយន្តល្មើសច្បាប់ចរាចរណ៍ផ្លូវគោកចំនួន ៣ករណី នោះ​ភ្នាក់ងារនគរបាលចរាចរណ៍នឹងធ្វើការស្កេនបណ្ណបើកបរ រួចធ្វើការកាត់ពិន្ទុចំនួន៣ពិន្ទុ”។

បើតាមលោក ស៊ុន ចាន់ថុល ក្រោយការកាត់ពិន្ទុរួចរាល់ ម៉ាស៊ីនស្កេននឹងបញ្ចេញនូវក្រដាសផាកពិន័យជាចំនួនទឹកប្រាក់ឱ្យម្ចាស់រថយន្តចូលខ្លួនទៅបង់ស្របតាមពេលវេលាកំណត់។ លោកបញ្ជាក់បន្ថែមថា នៅពេលដែលម្ចាស់យានយន្តបានប្រព្រឹត្តិបទល្មើសរហូតឈានដល់ការកាត់ពិន្ទុអស់ចំនួន១២ នោះម្ចាស់យានយន្តនឹងត្រូវប្រលងយកបណ្ណបើកបរឡើងវិញសារជាថ្មី។

យ៉ាងណា ជុំវិញការកាត់ពិន្ទុនេះដែរ លោក ស៊ុន ចាន់ថុល បានបញ្ជាក់បន្ថែមទៀតថា គឺធ្វើឡើងតែចំពោះអ្នកប្រើប្រាស់រថយន្តតែប៉ុណ្ណោះ សម្រាប់អ្នកប្រើប្រាស់ទោចក្រយានយន្តវិញគឺមិនអនុវត្តនោះទេ។

សូមរម្លឹកថា ក្នុងរយៈពេលពេញមួយឆ្នាំ ២០២១ ករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើងចំនួន​ ២,៦៧០រកណី​ ថយចុះចំនួន១៦% ​ពីឆ្នាំ២០២០ ដោយមានចំនួន១,៦៤៦នាក់។ ក្នុងនោះ ចំនួនអ្នកបាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មានចំនួន១,៤៩៧នាក់ ថយចុះ១៤៥នាក់​ ឬស្នើ៩% និងចំនួនអ្នករងបួសមានចំនួន៣,៦១៥នាក់ ថយចុះ ១,០៧១នាក់ពីឆ្នាំ២០២០។ នេះបើតាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍របស់ក្រសួងមហាផ្ទៃបានឲ្យដឹងនាពេលកន្លងទៅ៕