រដ្ឋម​ន្ត្រីការ​ពារ​ជាតិជប៉ុន រំពឹង​ថាកម្ពុជា​នឹងក្លាយ​​ដៃគូ​ដ៏​ល្អ​​ក្នុង​​​ការ​​ចូលរួម​​ចំណែក​ពង្រឹង និង​​ថែរក្សា​រក្សា​​សន្តិភាព​នៅក្នុង​​តំបន់

សង្គម​និង​សេដ្ឋកិច្ច

ឯក​ឧត្តម KISHI Nobuo រដ្ឋមន្ត្រីការពារជាតិជប៉ុន បានរំពឹងថា កម្ពុជានឹងក្លាយដៃគូដ៏ល្អក្នុងការចូល​​រួមចំណែក​​ដល់​​ការ​ពង្រឹង និងថែរក្សារក្សាសន្តិភាពនៅក្នុងតំបន់ និងបានវាយតម្លៃខ្ពស់ចំពោះ​កិច្ចខិតខំ​​ប្រឹងប្រែង​​​​​រួមគ្នា​រវាង​​កម្ពុជា-ជប៉ុន ក្នុងការបន្តរក្សាទំនាក់ទំនងជិតស្និទ្ធក្នុងវិស័យការពារជាតិ និងបានគាំ​​ទ្រលើ​​​សំណើ​​ផ្តួចផ្តើមនានា​របស់​កម្ពុជា​ពាក់ព័ន្ធ​​​នឹងការពង្រឹងសមត្ថភាពធនធានមនុស្សលើជំនាញ​​សំខាន់ៗ​​មួយ​​ចំនួន​​​ដល់​​កងទ័ពកម្ពុជា ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការបង្ហាញក្តីរំពឹងរដ្ឋមន្ត្រីការពារជាតិជប៉ុន ដូចនេះបានធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សា​ការងារ​រវាង​ឯក​​ឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេ​​បញ្ជាការកងទ័ពជើងគោក ដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្តីការក្រសួងការពារជាតិជប៉ុន ។

ឯកឧត្តម រដ្ឋមន្ត្រី ក៏បានបង្ហាញការគាំទ្រចំពោះតួនាទីកម្ពុជាក្នុងនាមជាប្រធានអាស៊ាន និងបញ្ជាក់​បន្ថែមថា ឆ្នាំ២០២២ ជាឆ្នាំប្រកបដោយអត្ថន័យជ្រាលជ្រៅសម្រាប់​ទំនាក់ទំនងទ្វេភាគី​​កម្ពុជា-ជប៉ុន ដូច្នេះដំណើរទស្សនកិច្ចផ្លូវការរបស់ ឯក​ឧត្តម ហ៊ុន ម៉ាណែត នាពេលនេះ នឹងជួយដល់​​ការ​​​ពង្រឹង​ទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន ឱ្យកាន់តែខ្លាំងឡើងបន្ថែមទៀត​យ៉ាងពិតប្រាកដ។

ក្នុងជំនួបនោះ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានជម្រាបជូន ឯកឧត្តម KISHI Nobuo អំពីលទ្ធផលនៃកិច្ច​ពិភាក្សា​​ជាមួយ ឯកឧត្តម អគ្គមេបញ្ជាការកងកម្លាំងស្វ័យការពារជប៉ុន និង ឯកឧត្តម មេបញ្ជាការកង​​កម្លាំង​ស្វ័យការពារជើងគោកជប៉ុន និងបានស្នើសុំការគាំទ្រលើការបន្តកិច្ចសហប្រតិបត្តិការរវាងកងទ័ព​ជើងគោកនៃប្រទេសទាំងពីរ ក៏ដូចជាការជំរុញឱ្យ​​ទំនាក់ទំនង​​នេះបានឈានឡើងដល់កម្រិតខ្ពស់ឡើង​បន្ថែមទៀត។

ឯកឧត្តម រដ្ឋមន្ត្រីការពារជាតិជប៉ុន និង ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ក៏បានចូលរួ​ម​​សម្តែងការអបអរ​សាទរចំពោះខួបលើកទី៣០ នៃការបញ្ជូនកងកម្លាំងស្វ័យការពារជើង​គោក​ជប៉ុនជា​លើកដំបូង​ចូលរួមក្នុងប្រតិបត្តិការ​រក្សា​​​សន្តិភាព (PKO) របស់ UNTAC នៅកម្ពុជា និងស្របពេលដែល​​ឆ្នាំ២០២២នេះ កម្ពុជាក៏កំពុងបំពេញតួនាទី​​ជាប្រធាន​​អាស៊ាន​ផងដែរ៕