ក្រសួងប្រៃសណីយ៍ ដាក់​ឲ្យប្រើប្រាស់​កម្មវិធី​វាស់ស្ទង់ល្បឿន​​អ៊ីនធឺណិត​ បើ​ខុស​ប្រក្រតី​អាច​​រាយការបាន​ភ្លាមៗ

សង្គម​និង​សេដ្ឋកិច្ច

ដើម្បីការពារសិទ្ធិនិងផលប្រយោជន៍របស់អ្នកប្រើប្រាស់ ក្នុងការទទួលបានសេវាទូរគមនាគមន៍ប្រកបដោយគុណភាព និងដើម្បីលើកកម្ពស់តម្លាភាពនៃការផ្តល់ទិន្នន័យនិងព័ត៌មានជាក់លាក់អំពីស្ថានភាពអឺនធឺណិតរបស់អ្នកប្រើប្រាស់ ក្រសួងប្រៃសណីយ​និង​ទូរគមនាគមន៍​ បានបង្កើតកម្មវិធីវាស់ស្ទង់ល្បឿនអឺនធឺណិត ” MPTCSpeed Test”។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កម្មវិធី MPTC Speed Test នេះ មានមុខងារចម្បងសម្រាប់វាស់ស្ទង់ដំណើរការអឺនធឺណិតនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដោយបង្ហាញលទ្ធផលច្បាស់លាស់អំពីល្បឿនទាញយក (Download Speed) ល្បឿនបង្ហោះឡើង (Upload Speed) ភាពយឺតយ៉ាវ (Latency) ភាពរំខាន (Jitter) និងកម្រិតគុណភាពនៃការមើលវីដេអូតាមយូធូបជាដើម ដែលជាព័ត៌មានចាំបាច់សម្រាប់ការប្រើប្រាស់​អឺនធឺណិតប្រចាំថ្ងៃ។

ក្នុងករណីដែលការវាស់ស្ទង់នេះបានបង្ហាញលទ្ធផលថា គុណភាពសេវាអឺនធឺណិតមានភាពមិនប្រក្រតី ឬស្ថិតនៅកម្រិតមួយ មិនអាចប្រើប្រាស់បាន អ្នកប្រើប្រាស់អាចយកលទ្ធផលនោះជាភស្តុតាងសម្រាប់រាយការណ៍មកនិយ័តករ​ទូគមនាគមន៍កម្ពុជា តាមរយៈទូរសព្ទ Hotline ៦៧៨៩ ឬផ្ញើសារមកកាន់អីមែល [email protected] ដើម្បីប្តឹងតវ៉ា (Complaint) និងស្វែងរកដំណោះស្រាយ។

លទ្ធផលនៃការវាស់ស្ទង់ របស់អ្នកប្រើប្រាស់នឹងក្លាយជាទិន្នន័យចាំបាច់ សម្រាប់យកទៅវិភាគ និងរកដំណោះស្រាយ សំដៅពង្រឹងគុណភាព សេវាទូរគមនាគមន៍ឱ្យកាន់តែប្រសើរ។

ក្រសួងជំរុញ​​ឲ្យ​សាធារណជន អាចទាញយកកម្មវិធីនេះមកប្រើប្រាស់ដោយឥតគិតថ្លៃចាប់ពីពេលនេះតទៅ ដោយគ្រាន់តែវាយពាក្យ “ MPTC Speed Test” លើ App Store និង Play Store ឬ ស្កេន QR Code ខាងក្រោម ជាការស្រេច៕