រដ្ឋមន្រ្តីកសិកម្ម បញ្ជាឲ្យដោះស្រាយបន្ទាន់លើអ្នកទន្រ្ទាន់ចូលកាន់កាប់ដីសម្បទានដែលរដ្ឋាភិបាលប្រគល់ឲ្យក្រុមហ៊ុនចំការកៅស៊ូ

សង្គម​និង​សេដ្ឋកិច្ច

លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាឲ្យលេខាធិការដ្នានសម្បទានដីសេដ្ឋកិច្ចពិនិត្យករណីមានអ្នកទន្ទ្រានចូលកាន់កាប់ដីសម្បទានដែលក្រុមហ៊ុន ដូវទី សាយហ្គន-ប៊ិញ ហ្វឿក និងក្រុមហ៊ុន ភូរៀងក្រចេះអភិវឌ្ឍន៍កៅស៊ូ ទទួលបានពីរាជរដ្ឋាភិបាល ធ្វើការសហការអនុវត្តជាមួយក្រុមហ៊ុនឲ្យបានទាន់ពេលវេលា។ ការចេញបញ្ជារបស់លោក វេង សាខុន ធ្វើឡើងបន្ទាប់ពីមានជំនួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំៃនក្រុមហ៊ុនទាំងពីរ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបនោះ ក្រុមហ៊ុនបានស្នើទៅលោករដ្ឋមន្រ្តីកសិកម្ម ពិនិត្យ និងដោះស្រាយបញ្ហាចំនួន ៣ រួមមាន ទី១ ជួយពន្លឿងលើការពិនិត្យ និងវាយតម្លៃលើឯកសារផែនការមេថ្មីរបស់ក្រុមហ៊ុន ទី២ ជួយអន្តរាគមន៍ និងចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់ចំពោះសកម្មភាពទន្ទ្រានចូលកាន់កាប់ ដីសម្បទានខុសច្បាប់ដែលក្រុមហ៊ុនទទួលបានពីរាជរដ្ឋាភិបាលយកមកធ្វើការអភិវឌ្ឍ និងទី៣ ស្នើសុំជួយគាំទ្រចំពោះគម្រោងបង្កើតសាលារៀនសម្រាប់កុមារ និងយុវជន និងបង្កើតមណ្ឌលសុខភាព ដោយសហការជាមួយអង្គការ Cambodia Awareness។

ឆ្លើយតបភ្លាមៗក្នុងជំនួបនេះ លោក វេង សាខុន បានបង្ហាញនូវទស្សនគាំទ្រចំពោះការកសាងសាលារៀនសម្រាប់កុមារ និងយុវជន និងការបង្កើតមណ្ឌលសុខភាព ព្រោះនេះជាការអភិវឌ្ឍធនធានមនុស្សដោយចាប់ផ្តើមពីការសិក្សារៀនសូត្រចំណេះដឹងទូទៅ បន្ទាប់មកចំណេះជំនាញបច្ចេកទេស មុនចូលបម្រើការងារឲ្យក្រុមហ៊ុននាពេលអនាគត ហើយពិតណាស់វាជាការអភិវឌ្ឍធនធានមនុស្សនៅហ្នឹងកន្លែងទៀតផង ចៀសវាងការធ្វើចំណាកស្រុក។

បើតាមលោករដ្ឋមន្រ្តី សម្រាប់ការសាងសង់មណ្ឌលសុខភាព គឺចាំបាច់ណាស់សម្រាប់បុគ្គលិក កម្មករដែលបម្រើការឲ្យក្រុមហ៊ុន ព្រោះថាសុខភាពរបស់ពួកគាត់ត្រូវបានធានាដើម្បីឲ្យការអភិវឌ្ឍដំណើរការទៅដោយរលូន និងជោគជ័យ ។

ដោយឡែក ចំពោះករណីមានសកម្មភាពទន្ទ្រានចូលកាន់កាប់ ដីសម្បទានខុសច្បាប់ដែលក្រុមហ៊ុនទទួលបាន លោករដ្ឋមន្ត្រីបានស្នើឲ្យលេខាធិការដ្ឋានសហការជា មួយអាជ្ញាធរមូលដ្ឋានចុះធ្វើអន្តរាគមន៍ជាបន្ទាន់ រួចរាយការណ៍ជូនក្រសួងដើម្បីធ្វើការពិនិត្យ ពិចារណា និងដាក់ចេញនូវវិធានការបន្ត ដើម្បីដោះស្រាយបញ្ហានេះជូនក្រុមហ៊ុនវិនិយោគឲ្យបានទាន់ពេល និងមានប្រសិទ្ធភាព។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តីក៏បានវាយតម្លៃលើការខិតខំប្រឹងប្រែរបស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍសម្បទានដីសេដ្ឋកិច្ច មានដំណាំកៅស៊ូ និងស្វាយចន្ទី សម្រេចទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់។

តែទោះជាយ៉ាងណា លោកថ្លែងថា ក្នុងនាមរាជរដ្ឋាភិបាលបានជំរុញ និងលើកទឹកចិត្តឲ្យក្រុមហ៊ុនខិតខំបន្ថែមទៀត ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការអភិវឌ្ឍដីនេះ ប្រយោជន៍ដើម្បីបង្កើនល្បឿនផលិតកម្មដាំដុះលើដីដែលបានប្រគល់ឲ្យបានសមស្របតាមលក្ខខណ្ឌក្នុងកិច្ចសន្យា បង្កើតការងារជូនពលរដ្ឋក្នុងតំបន់អភិវឌ្ឍ បង្កើនចំណូលគ្រួសារ និងកំណើរសេដ្ឋកិច្ចស្របតាមបរិបទនៃការរីរាលដាលជំងឺឆ្លងកូវីដ-១៩៕