កម្ពុជា ស្នើអូស្ដ្រាលីជួយឲ្យវិនិយោគិនបង្កើតរោងចក្រកែច្នៃកសិផលនៅខេត្តបាត់ដំបង

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋបាលខេត្តបាត់ដំបង ស្នើអូស្រ្ដាលីឲ្យវិនិយោគិនផ្នែករោងចក្រកែច្នៃប្រភេទផ្លែឈើ ឬផលិតផលកសិកម្មនៅក្នុងភូមិសាស្រ្ដខេត្តបាត់ដំបងឲ្យកាន់តែច្រើន។ ការស្នើនេះធ្វើឡើងក្នុងជំនួបរវាង លោក សុខ លូ អភិបាលខេត្តបាត់ដំបង និង លោក Andreas Zurbrugg ឯកអគ្គរាជទូតរង នៃស្ថានទូតអូស្ដ្រាលី ប្រចាំកម្ពុជា កាលពីថ្ងៃទី១០ ខែមីនា កន្លងទៅនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងជំនួបនោះ លោក សុខ លូ បានស្នើដល់ស្ថានទូតអូស្រ្ដាលីធ្វើការផ្សព្វផ្សាយដល់វិនិយោគិនក្នុងប្រទេសអូស្រ្ដាលី ដើម្បីវិនិយោគផ្នែកកែច្នៃប្រភេទផ្លែឈើ ឬផលិតផលកសិកម្មនៅក្នុងភូមិសាស្រ្ដខេត្តបាត់ដំបងឲ្យកាន់តែច្រើន ដើម្បីជួយប្រជាកសិករខេត្តបាត់ដំបងអាចរកប្រាក់ចំណូលបានច្រើន។

លោកថ្លែងថា ការស្នើនេះដែរ បន្ទាប់ពីសព្វថ្ងៃនេះ ខេត្តបាត់ដំបង មានបញ្ហាប្រឈមមួយចំនួនគឺនៅពេលប្រមូលផលដំណាំនានា ដែលខ្វះការកែច្នៃ ខណៈចង់ឲ្យមានឱកាសក្នុងការនាំចេញផលិតផលកសិកម្មដែលបានកែច្នៃរួចទៅក្រៅប្រទេស និងជួយបន្តផ្សព្វផ្សាយដល់ភ្ញៀវទេសចរនៃប្រទេសអូស្ដ្រាលី ឲ្យមកទស្សនាខេត្តបាត់ដំបង ឲ្យកាន់តែច្រើនឡើងថែមទៀត។

ជាមួយគ្នានេះ លោកក៏បានថ្លែងអំណរគុណដល់ អូស្ដ្រាលី ដែលបានជួយផ្នែកសុខាភិបាល អប់រំ កសិកម្ម និងពិសេសផ្នែកបោសសំអាតមីននៅក្នុងខេត្តបាត់ដំបង បើទោះបីជាការដោះស្រាយបញ្ហាគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះនៅក្នុងខេត្តបាត់ដំបង មិនទាន់ទទួលបានជោគជ័យ១០០%ក្ដី ប៉ុន្តែក៏បានជួយផ្ដល់ឱកាសដល់ប្រជាកសិករមួយចំនួនធំ អាចធ្វើការដាំដុះនៅលើដីរបស់ខ្លួនដែលបានបោសសំអាតមីនរួច ដោយសុវត្ថិភាព និងលែងភ័យខ្លាច។

គួរជម្រាប់ជូនដែរថា ទាក់ទិនទៅនឹងខេត្តបាត់ដំបងនេះដែរ នៅក្នុងខែមេសា ខាងមុខនេះ អ្នកវិនិយោគជប៉ុន នឹងមកធ្វើទស្សនកិច្ចនៅខេត្តបាត់ដំបង ដើម្បីសិក្សាលទ្ធភាពវិនិយោគបង្កើតរោងចក្រ តំបន់សេដ្ឋកិច្ចពិសេសនិងទីក្រុងឆ្លាតវៃ នៅក្នុងខេត្តមួយនេះផងដែរ។នេះបើតាមការឲ្យដឹងពី លោក សុខ លូ អភិបាលខេត្តបាត់ដំបង៕
អត្ថបទ៖រង្សី