នាយករដ្ឋមន្រ្តី​កម្ពុជា​​ស្នើ​ប៉ាគីស្ថាន វិនិយោគ​វិស័យ ៣ សំខាន់ ​ដើម្បីពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី

សង្គម​និង​សេដ្ឋកិច្ច

ប្រមុខរដ្ឋាភិបាលកម្ពុជា បានស្នើ​ប៉ាគីស្ថាន​ពិនិត្យមើលសក្តានុពលវិនិយោគ​លើវិស័យសំខាន់ចំនួន៣ គឺសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដើម្បីពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី ខណៈទំហំពាណិជ្ជកម្មទ្វេភាគីនៅមានចំនួនតិចតួចនៅឡើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការស្នើនេះត្រូវបានធ្វើឡើង ក្នុង​ពេលប្រមុខ​រដ្ឋាភិបាល​សម្តេច​តេជោ​ហ៊ុន សែន បាន​ទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ហ្សាហ៉ីរូឌីន បាបា សាហ៉ីម ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសអ៊ីស្លាមប៉ាគីស្ថាន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព កាលថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២២នេះ។

ក្នុងជំនួបនោះ សម្ដេច ហ៊ុន សែន បានលើកទឹកចិត្តឲ្យប៉ាគីស្ថានពិនិត្យមើលសក្តានុពលផ្សេងៗទាំងឡាយដែលប្រទេសទាំងពីរអាចធ្វើបាន ដូចជាកិច្ចសហប្រតិបត្តិការលើ វិស័យសេដ្ឋកិច្ច វិស័យពាណិជ្ជកម្ម និងការវិនិយោគ ដែលមានសារសំខាន់សម្រាប់បំពេញឲ្យគ្នាទៅវិញទៅមក ព្រមទាំងចូលរួមចំណែកពង្រីកពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសយើងទាំងពីរ។

ជាការឆ្លើយតប ឯកឧត្តម ហ្សាហ៉ីរូឌីន បាបា សាហ៉ីម ក៏បានចាត់ទុកថា ប្រទេសកម្ពុជាជាដៃគូសំខាន់។ បើ​តាម​លោកឯកអគ្គរដ្ឋទូត ​បេសកកម្មការទូតដែល​លោក​មកកាន់កម្ពុជានេះ ក៏​នឹងបន្តសកម្មភាពដែលមានស្រាប់ផង ​និង​ធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីជំរុញទំនាក់ទំនងលើគ្រប់វិស័យ ក្នុងទិសដៅពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យឈានដល់កម្រិតថ្មីមួយទៀត។

គួរបញ្ជាក់ថា តាមរយៈជំនួបពិភាក្សានោះដែរ សម្តេចក៏បានលើកឡើងដែរថា ប៉ាគីស្ថានបានទទួលស្គាល់ឯករាជ្យកម្ពុជាតាំងពីឆ្នាំ១៩៥២ ពោលគឺមុនប្រទេសកម្ពុជា ទទួលបានឯករាជ្យទៅទៀត។ ហេតុនេះ សម្តេច ចង់ឱ្យភាគីទាំងពីរ ស្វែងរកមធ្យោបាយ ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ពិសេសកិច្ចសហប្រតិបត្តិការ ទៅលើវិស័យសេដ្ឋកិច្ច និងវិនិយោគជាដើម៕