រដ្ឋមន្ត្រី​ក្រសួងការងារ ឯកភាពសំណើរបស់ក្រុមហ៊ុនCP ដែលចង់បានពលករកម្ពុជា ២ពាន់នាក់ទៅបម្រើ​ការ​ងារ​​នៅប្រទេសថៃ

សង្គម​និង​សេដ្ឋកិច្ច

លោក អ៉ិត សំហេង រដ្ឋមន្ត្រី​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឯកភាពចំពោះសំណើរបស់​ក្រុមហ៊ុនCP ដែល​ត្រូវការកម្លាំងពលកម្មចំនួន២ពាន់នាក់សម្រាប់បម្រើការងារ​ជូនដល់​ក្រុមហ៊ុន​នៅប្រទេសថៃ ដោយអនុវត្តតាម​អនុ​ស្សរ​ណៈ​​​​នៃការយោគយល់គ្នា ដែលប្រទេស​ទាំងពីរ​បានធ្វើជា​មួយគ្នា​កន្លងមកនោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការឯកភាពនេះ បានធ្វើឡើងនៅក្នុងជំនួបសម្តែង​ការគួរសមរវាងលោករដ្ឋមន្ត្រី និងលោក Preeda Chunwong អគ្គនាយ​ករងក្រុមហ៊ុនCP នៅកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ នៅទីស្តីការ​ក្រសួងការងារ។

លោករដ្ឋមន្ត្រី បានលើកឡើងថា គណៈកម្មការផ្ដល់ភាពស្របច្បាប់ដល់​ពលករកម្ពុជាដែលកំពុង​ស្នាក់​នៅ និងធ្វើការនៅ​ប្រទេសថៃ នឹងបញ្ជូនក្រុមការងារបច្ចេកទេស ទៅបំពេញបេសកកម្មនៅប្រទេស​ថៃ ដើម្បីបន្តសុពលភាព​ប័ណ្ណពលករ​កម្ពុជា​ធ្វើការនៅបរទេស (OCWC) និងលិខិតធ្វើដំណើរ (TD)។ ដូច្នេះ​ប្រសិនជាពលករកម្ពុជាដែលកំពុងស្នាក់នៅ និង​​ធ្វើការ​នៅក្រុមហ៊ុនដែលផុតសុពលភាព ឬ​សុពលភាព​​នៅសល់​ក្រោម ៦ខែ អាចដាក់ពាក្យស្នើសុំបន្តសុពល​ភាពតាម​រយៈប្រព័ន្ធស្វ័យ​ប្រវត្តិកម្ម​របស់នាយកដ្ឋាន​មុខរបរនៃក្រសួងការងារថៃ។

ជាមួយគ្នានេះ លោក Preeda Chunwong អគ្គនាយករងក្រុមហ៊ុនCP នៅកម្ពុជា ក៏បានបញ្ជាក់ដែរថា បច្ចុប្បន្នក្រុមហ៊ុនCP មានពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃ ប្រមាណជាង១ម៉ឺននាក់ កន្លង មកពលករកម្ពុជាដែលបានធ្វើការ គឺមាន​ភាពស្មោះត្រង់ អត់ធ្មត់នឹងការងារ ដូច្នេះក្រុមហ៊ុនត្រូវការពលករកម្ពុជាចំនួន២ពាន់នាក់បន្ថែមទៀត ដើម្បីជួយ​ការងារ​របស់ក្រុមហ៊ុន។

លោកអគ្គនាយករង បន្តថា ពលករកម្ពុជានឹងទទួលអត្ថប្រយោជន៍ស្មើៗ​គ្នាទៅនឹងពលកររបស់​ប្រទេស​ដទៃ​ផ្សេងទៀត។ មិនតែប៉ុណ្ណោះ ខាងក្រុមហ៊ុន មានកម្មវិធីបណ្តុះបណ្តាល កសាងសមត្ថភាព ដោយ​ពលករធម្មតា ឲ្យក្លាយជាពលករជំនាញ និងផ្តល់អាហារូបករណ៍ដល់ពួកគេក្នុងការទទួល​បានការសិក្សា​រៀនសូត្រ បំប៉មសមត្ថភាពដើម្បីក្លាយខ្លួនជាអ្នកដឹកនាំនៅ​ក្នុងផ្នែក​នីមួយៗ របស់ក្រុមហ៊ុននាពេល​អនាគត។ ក្រុមហ៊ុន CP មានអាជីវកម្មជាច្រើន ដែលកំពុងបណ្តាក់ទុនវិនិយោគ ចំនួន២១ប្រទេស​ទូទាំងពិភពលោក។

គួរបញ្ជាក់ថា ក្រុមហ៊ុន CP កម្ពុជា មានវត្តមាននៅក្នុងប្រទេសកម្ពុជា ចំនួន ២៦ឆ្នាំមកហើយ ដំណើរការដ៏ជោគជ័យ​នេះ ក៏ដោយសារបានទទួលការជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការងារ និងបណ្តុះ​បណ្តាលវិជ្ជាជីវៈ ទើប​ក្រុមហ៊ុនមានដំណើរការអាជីវកម្មរីកចម្រើន​មកទល់បច្ចុប្បន្ននេះ៕