លោកស្រី ជា សិរី តែងតាំងកាន់តំណែងជាអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ជំនួសឱពុកបង្កើត

សង្គម​និង​សេដ្ឋកិច្ច

ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងលោកស្រី ជា សិរី ជាអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា មានឋានៈស្មើទេសរដ្ឋមន្ត្រី កាលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៧២៣/១៦៧៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការតែងតាំងលោកស្រី ជា សិរី នៅពេលនេះធ្វើឡើងដើម្បីជំនួសតំណែងលោក ជា ចាន់តូ ដែលត្រូវជាឱពុកបង្កើត។ មុនទទួលបានការតែងតាំងនេះលោកស្រីបច្ចុប្បន្នកាន់តួនាទីជាអគ្គទេសាភិបាលរងធនាគារជាតិនៃកម្ពុជា។

លោកស្រី ជា សិរី ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចស្នើសុំប្រមុខរដ្ឋស្ដីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ តែងតាំងនិងផ្តល់ឋានៈជូនលោកស្រីជាអគ្គទេសាភិបាលរងធនាគារជាតិនៃកម្ពុជា ដែលមានឋានៈស្មើ រដ្ឋមន្ត្រី នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ តាមព្រះរាជក្រឹត្យលេខ នស/រកត/០៣២៣/៣៦៧។

លោកស្រី ជា សិរី ជាយុវនារីបន្តវេនមួយរូបស្ថិតក្នុងចំណោមអ្នកបន្តវេនជាច្រើនរូបរបស់គណបក្សប្រជាជនកម្ពុជា ជាកូនស្រីបង្កើតរបស់លោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ដែលជាសមាជិកគណៈអចិន្ត្រៃយ៍នៃបក្សប្រជាជនកម្ពុជា។ លោកស្រី ជា សិរី ធ្លាប់កាន់តំណែងជាឧបការីទេសាភិបាលនិងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា។

លោកស្រី ជា សិរី បានបញ្ចប់ថ្នាក់បណ្ឌិតផ្នែកសេដ្ឋកិច្ច (PhD) នៅសាកលវិទ្យាល័យ Adelaide ប្រទេសអូស្ត្រាលី កាលឆ្នាំ២០២១។ នៅអំឡុងឆ្នាំ២០១០ លោកស្រីបានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកធនាគារ ពីសាកលវិទ្យាល័យ SOAS ទីក្រុង ឡុងដ៍ ចក្រភពអង់គ្លេស និងឆ្នាំ២០១៩ បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគោលនយោបាយ លី ក្វាន់យូ ប្រទេសសិង្ហបុរី។

លើសពីនេះ លោកស្រី ជា សិរី ក៏ទទួលបានវិញ្ញាបនបត្រផ្នែកអភិវឌ្ឍន៍ហិរញ្ញវត្ថុពីសាកលវិទ្យាល័យ Harvard Kennedy នៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០០៦ និងវិញ្ញាបនបត្របញ្ជាក់ការសិក្សាផ្នែកពាណិជ្ជកម្មពីសាកលវិទ្យាល័យ ស៊ីដនី ប្រទេសអូស្ត្រាលី ក្នុងឆ្នាំ២០០៧ផងដែរ៕