សម្តេច ហ៊ុន សែន អញ្ជើញប្រធានាធិបតីរុស្សុី វ្លាឌីមៀ ពូទីន មកកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

ក្នុងឋានៈជាប្រធានអាស៊ានប្តូរវេន ឆ្នាំ២០២២នេះ កម្ពុជាបានអញ្ជើញមេដឹកនាំប្រទេសរុស្សុី លោក វ្លាឌីមៀ ពូទីន មកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នាខែវិច្ឆិកាខាងមុខនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងនៅក្នុងពិធីនៅចែកស្រូវពូជ និងស្បៀងអាហារជូនប្រជាពលរដ្ឋខេត្តកំពង់ធំជិត ៧ពាន់គ្រួសារ នាព្រឹកថ្ងៃសៅរ៍ ទី២៩តុលានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានអញ្ជើញលោកពូទីន មកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន តែមិនទាន់មានការឆ្លើយតបនៅឡើយ។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ប៉ុន្មានថ្ងៃបន្ទាប់ពីសម្តេចគ្រោងនឹងជួបសន្ទនាតាមទូរសព្ទជាមួយលោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី ប្រធានាធិបតី​អ៊ុយ​ក្រែន នៅប៉ុន្មានថ្ងៃខាងមុខ ប៉ុន្តែទាក់ទងប្រធានរឿងដែលត្រូវជជែកនោះមិនទាន់មានការបញ្ជាក់នៅឡើយ។

កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ នឹងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ (40th & 41st ASEAN Summits and Related Summit) ចាប់ពីថ្ងៃទី១០-១៣ ខែ វិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ នៅរាជធានីភ្នំពេញ។

គួររំលឹកថា កម្ពុជាបានក្លាយជាសមាជិកអាស៊ាន កាលពីខែមេសា ឆ្នាំ១៩៩៩ ហើយបានធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ាន កាលពីឆ្នាំ២០០២ និង ២០១២ ហើយសម្រាប់ឆ្នាំ២០២២នេះ កម្ពុជានឹងរៀបចំកិច្ចប្រជុំដ៏ធំនេះដែរ ក្រោមប្រធានបទ «ASEAN A.C.T: ដោះស្រាយបញ្ហាប្រឈមរួមគ្នា»៕