៤ ឆ្នាំ​នេះ ទំហំ​ពាណិជ្ជកម្មរវាង​កម្ពុជា​និង​ប្រទេស​ហ្គាបុង ដែល​នៅ​ទ្វីប​អាហ្រ្វីក​មាន​​ជាង ១៤៩ លាន​ដុល្លារ

សង្គម​និង​សេដ្ឋកិច្ច

បើ​តាម​រដ្ឋមន្រ្តី​​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បាន​បញ្ជាំក់​ឲ្យ​ដឹង​ថា ទំហំ​ពាណិជ្ជ​រវាង​​កម្ពុជា​និង​​ប្រទេស​ហ្គាបុង​មាន​ការ​កើន​ឡើង​ក្នុង​រយៈកាល ៤ ឆ្នាំ​ចុងក្រោយ​នេះ។

ក្នុង​ជំនួប​ជាមួយ​រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​របស់ប្រទេស​ហ្គាបុង លោកប៉ាន សូរស័ក្តិ​ រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​បាន​បញ្ជាក់​ថា ទំហំពាណិជ្ជកម្មកម្ពុជា-ហ្គាបុង សម្រេចបានប្រមាណ១៤៩លានដុល្លារអាម៉េរិកក្នុងរយៈពេល០៤ឆ្នាំគិតពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២១។ ដោយឡែកទំនាក់ទំនង​ពាណិជ្ជកម្មទ្វេភាគីរវា​ង​កម្ពុជា​និង​ហ្គាបុង​ក្នុងឆ្នាំ២០២១ មាន​ទំហំ​ប្រហែល ៤៥លានដុល្លារធៀបនឹង ៤៣លានដុល្លារក្នុងឆ្នាំ២០២០។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើ​តាមលោក​រដ្ឋមន្រ្តី ហ្គាបុង ជាទីផ្សារដ៏សំខាន់សម្រាប់ការ​នាំ​ចេញ​អង្ករកម្ពុជា។

លោក Yves Fernand Manfoumbi រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​ប្រទេស​ហ្គាបុង​បាន​បញ្ជាក់ថា ប្រទេស​ហ្គាបុងកំពុងស្វែងរកប្រទេសដៃគូពាណិជ្ជកម្មបន្ថែមនៅតំបន់អាស៊ី ជាពិសេសនៅកម្ពុជា។

លោក​រដ្ឋមន្រ្តីប្រទេស​ហ្គាបុង​ក៏​បានស្នើពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដែលផ្តល់ប្រយោជន៍ទៅវិញទៅមករវាង​ប្រទេស​ទាំងពីរ​ដូចជា (១) ការ​បង្កើត​ MoU ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម កម្ពុជា-ហ្គាបុង ដើម្បីសម្រួលដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មក្នុងការអនុវត្តក្របខណ្ឌគម្រោងនានា (២)ជំរុញការវិនិយោគផ្នែកឧស្សាហកម្ម និង(៣)ការដោះដូរពាណិជ្ជកម្មទ្វេភាគី ដែលមានលក្ខណៈបំពេញបន្ថែម និងការរៀបចំពិព័រណ៍ពាណិជ្ជកម្មជាដើម។

លោក​បា៉ន សូរស័ក្តិ ក៏​បាន​គាំទ្រឱ្យមានការបង្កើតMoU ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងកម្ពុជា-ហ្គាបុង ដែលរំពឹងថា ភាគីទាំងពីរនឹងពន្លឿននីតិវិធី និងពិនិត្យបញ្ចប់សេចក្តីព្រាងMoUនេះឱ្យបានឆាប់រហ័ស ដើម្បីអាចធ្វើការចុះហត្ថលេខាបាន នៅអំឡុងឆមាសទី២ ឆ្នាំ២០២២នេះ។

បើ​តាម​របាយការណ៍​បស់​ក្រសួង​ពាណិជ្ជកម្ម​បានបង្ហាញ​តួលេខ​ ៤ ឆ្នាំ​ចុងក្រោយ​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា​និង​ហ្គាបុង ដោយ​ក្នុងឆ្នាំ២០១៨ (នាំចេញ ២៩,៣៥លានដុល្លារ, នាំចូល N/A), ឆ្នាំ២០១៩ (នាំចេញ ៣១,០៨លានដុល្លារ, នាំចូល ០,០៣លានដុល្លារ), ឆ្នាំ២០២០ (នាំចេញ ៤៣,៣៥លានដុល្លារ, នាំចូល N/A) និង ឆ្នាំ២០២១ (នាំចេញ៤៤,៧៥លានដុល្លារ, នាំចូល ០,០២លានដុល្លារ) និងទំហំពាណិជ្ជកម្មទ្វេភាគីប្រហែល ៤៥លានដុល្លារក្នុងឆ្នាំ២០២១ ធៀបនឹង ៤៣លានដុល្លារក្នុងឆ្នាំ២០២០៕