សម្តេច ហ៊ុន សែន៖ កម្ពុជា​កំពុង​ពិចារណា​លើការ​កែប្រែ​ផ្លូវ​រថភ្លើង​​បច្ចុប្បន្ន​​ ទៅជាផ្លូវ​រថភ្លើង​ល្បឿ​ន​លឿន

សង្គម​និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់ថា​ កម្ពុជាកំពុង​ពិចារណា​​ទៅលើ​ហេដ្ឋា​រចនាសម្ព័ន្ធ​​​​ផ្លូវដែ​​ក​​ដែលមានស្រាប់ ​​ក៏ប៉ុន្តែជាប្រព័ន្ធហួសសម័យដែលធ្វើ​ដំណើរ​​ក្នុង​​មួយម៉ោងបាន​ត្រឹមតែ២០ទៅ៣០គីឡូ​​ម៉ែត្រ ហើយ​ជំនួសវិញ​​ដោយ​ផ្លូវ​រថភ្លើងល្បឿនលឿន ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ដូចនេះបានធ្វើឡើងពិធីសម្ពោធហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែនិងសមិទ្ធផល​​នៃការស្តារ​​កែលម្អដងស្ទឹងសៀមរាប នៅខេត្តសៀមរាប នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា “យើងកំពុងពិចារណាផងដែរអំពីការគិតគូររបស់យើងទៅលើហេដ្ឋា រចនាសម្ព័ន្ធ​​ផ្លូវ​​ដែក​​ ដែល​ឥឡូវនេះ​​តើគួរឬមិនគួរនៃការដែលយើងមានប្រព័ន្ធផ្លូវដែកស្រាប់ ​​ក៏ប៉ុន្តែជាប្រព័ន្ធហួសសម័យ ដែល​​ធ្វើ​ដំណើរ​​​ក្នុង​​មួយម៉ោងបានត្រឹមតែ២០ទៅ៣០គីឡូ ហើយ​ជំនួសវិញ​​ដោយ​ផ្លូវល្បឿនលឿន​នៅ​​តាម​​ផ្លូវ​​​​ទាំង២ទិស​នេះ​​តែម្តង។ ជាមួយនឹងការរៀបចំបន្ថែម ទៀត ជាមួយ​នឹងខ្សែរថភ្លើងសម្រាប់ ការដឹក​​ជញ្ជូន​នៅក្នុង​ប្រទេស និងការត​​ភ្ជាប់ជាមួយប្រទេសជិត​ខាង”

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់បន្ថែមថា ឥឡូវនេះ​កម្ពុជាមានខ្សែរថភ្លើងទាំង២ទិស ពីប៉ោយប៉ែត-ភ្នំពេញ និងពីភ្នំពេញ​-ខេត្តព្រះសីហនុ ។ កម្ពុជាកំពុងពិចារណាអំពីបញ្ហានេះ ហើយរកដៃគូធ្វើ​ជា​ផ្លូវ​រថភ្លើង​​​​​ល្បឿនលឿនលើផ្លូវរថភ្លើង​​ចាស់​​ដដែល ដោយដាក់ឲ្យលោក ស៊ុន ចាន់​ថុល​​ ទេសរដ្ឋមន្រ្តី រដ្ឋ​មន្រ្តី​ក្រសួងសាធារណការ និងដឹកជញ្ជូន ធ្វើការពិចារណា​លើក​​គម្រោង​​នេះ ដោយរកដៃគូ​ ដើម្បី​​ពិភាក្សាកែលំអផ្លូវរថភ្លើងនេះ។

គួរបញ្ជាក់ថា បច្ចុប្បន្ន​នេះកម្ពុជា​មាន​ផ្លូវដែក​ចំនួន២​ខ្សែ រួមមានទី១. ផ្លូវ​ដែក​ទិស​នីរតី (ភ្នំពេញ-ព្រះ​សីហនុ)៖ ផ្លូវដែក​នេះ​មាន​ប្រវែង​សរុប​ ២៦៦ ​គីឡូម៉ែត្រ និងទី២ ផ្លូវដែក​ទិស​ពាយ័ព្យ (ភ្នំពេញ-ប៉ោយប៉ែត)៖ ផ្លូវដែក​នេះ​មាន​ប្រវែង​សរុប ៣៨៦​គីឡូម៉ែត្រ ៕ អត្ថបទ៖ ពុធិកា