ភ្នំពេញ ហាមដាច់ខាតការលេងល្បែងស៊ីសង ​​គប់ស្បោង​ទឹក និង​លាបធ្យូង នៅ​ថ្ងៃបុណ្យ​ចូល​ឆ្នាំខ្មែរ

សង្គម​និង​សេដ្ឋកិច្ច

ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយ សាធារណៈ ក្នុងរាជធានីភ្នំពេញ ក៏ដូចជា​រក្សា​បាននូវប្រពៃណីជាតិ និងសេចក្ដីថ្លៃថ្នូរដ៏ផូរផង់របស់ជាតិ រដ្ឋបាលរាជធានីភ្នំពេញ បាន​អំពាវ​នាវដល់ប្រជាពលរដ្ឋ ជា​ពិសេស​យុវជន យុវនារី សិស្ស និស្សិត និង​កម្មករ កម្មការិនីទាំងអស់ ចូលរួមលេងល្បែងប្រជាប្រិយគ្រប់ប្រភេទ និងចៀសវាងដាច់​ខាតការ​លេងបាញ់​ទឹក ជះទឹកគប់ស្បោង​ទឹក លាបធ្យូង ប៉ាតម្សៅ ទះគក់ដោយដៃ ឬវាយដោយ​រំពាត់ដល់​អ្នកដំណើរ ឬជិះម៉ូតូ បង្ហោះប្រដេញ​គ្នាលេងនៅតាមផ្លូវ ដែលអាចនាំឱ្យ​មានគ្រោះថ្នាក់​ជាយ​ថាហេតុ​ប៉ះ​ពាល់ដល់ អាយុជីវិតផ្ទាល់ខ្លួន និងអ្នកដំណើរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋបាលរាជធានីភ្នំពេញ ក៏ហាមដាច់ខាតការលេងល្បែងស៊ីសង អុជផាវ និងគ្រឿងផ្ទុះគ្រប់ប្រភេទ ដើម្បីរក្សានូវភាព​ថ្លៃថ្នូរ ស័ក្តិសមជាកុលបុត្រកុលធីតាខ្មែរ។

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ណែនាំអោយពលរដ្ឋទាំងអស់ត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងមិនត្រូវ​បើកបរក្នុងស្ថានភាពស្រវឹង ដើម្បីចៀសវាង គ្រោះថ្នាក់ផ្សេងៗ ចូលរួមទប់ស្កាត់គ្រោះ​អគ្គិភ័យ ដោយប្រុងប្រយ័ត្ន និង​ម្ចាស់ការខ្ពស់ចំពោះភ្លើងទៀន ធូប ភ្លើង ចង្ក្រាន ចរន្តអគ្គិសនី ដើម្បីរក្សាបាននូវទ្រព្យសម្បត្តិ អាយុជីវិតផ្ទាល់ខ្លួន និងអ្នកដទៃ។

ជាពិសេស ត្រូវយកចិត្តទុកដាក់ក្នុងការថែរក្សាសុខភាព អនាម័យ និងត្រូវអនុវត្តតាមវិធានការណែនាំ​របស់ ក្រសួង​​សុខាភិបាល ក្នុងការបង្គារការឆ្លងរាលដាលនៃជំងឺកូវីដ១៩ (Covid-19)។

គួរបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ គ.ស.២០២២ នឹងមកដល់ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២។ ក្នុងនោះ រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏នឹង​រៀបចំសង្ក្រាន្ត​វត្តភ្នំ ជាមួយនឹង​ការលេង ល្បែង​​ប្រជាប្រិយ​ប្រពៃណី​ជាតិ​គ្រប់​​ប្រភេទ ការ​ពូន​ភ្នំខ្សាច់ ការ​តាំង​បង្ហាញ​គំនូរ​សិល្បៈ ការប្រគំ​តន្ត្រីបុរាណ​-​សម័យ និង​រាំ​កម្សាន្ត រយៈពេល ០៣​ថ្ងៃផងដែរ​៕ អត្ថបទ៖ ពុធិកា