យុទ្ធនាការ​អន្ទាក់សូន្យ! សូម​បញ្ឈប់​ការ​លក់និងផ្គត់ផ្គង់សត្វព្រៃ​ដែល​ច្បាប់ហាមឃាត់

សង្គម​និង​សេដ្ឋកិច្ច

ការមិនបរិភោគ មិនទិញ មិនលក់សាច់ និងផលិតផលសត្វព្រៃគឺជាការចូលរួមបញ្ចប់វិបត្តិអន្ទាក់! បើគ្មានតម្រូវការ ក៏គ្មានការផ្គត់ផ្គង់!។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជារៀងរាល់ថ្ងៃសត្វព្រៃដ៏មានតម្លៃត្រូវបានសម្លាប់ ដោយសារតែព្រានព្រៃប្រើអន្ទាក់គ្រប់ប្រភេទ និងកាំភ្លើងកែច្នៃសម្លាប់ដើម្បីយកទៅធ្វើជាម្ហូបសម្រាប់គ្រួសារ និងសម្រាប់លក់នៅលើទីផ្សារដល់អ្នកដែលចូលចិត្តហូបសាច់សត្វព្រៃ។

ចំពោះសត្វព្រៃមួយក្បាលៗដែលបានសម្លាប់ បើគិតជាសាច់ មិនច្រើនគីឡូឡើយ ហើយបើគិតជាប្រាក់ដែលលក់បាន ក៏មិនច្រើនដែរ និងបើគិតពីរសជាតិ មិនឆ្ងាញ់ឡើយ ហើយក៏មិនមែនពិសាទៅធ្វើឱ្យមានសុខភាពល្អ ជីវិតអមតៈដូចពាក្យចចាមអារាមនោះឡើយ។ បើគិតពីតម្លៃជីវៈចម្រុះប្រព័ន្ធអេកូឡូស៊ី សត្វព្រៃមួយក្បាលៗពិតជាមានតម្លៃដ៏មហាធំធេងមិនអាចគណនាជាប្រាក់បានឡើយ ហើយសត្វព្រៃទាំងនេះ ក៏ជាប្រភពថវិកាមិនចេះរីងស្ងួតពីចំណូលលើវិស័យទេសចរណ៍ផងដែរ។

សាច់សត្វព្រៃដែលបងប្អូនខ្លះហូប បានត្រឹមឆ្អែតមួយបប្រិចភ្នែកប៉ុណ្ណោះ តែវាពិតជាខាតបង់ច្រើនសម្រាប់ជីវៈចម្រុះលើភពផែនដីរបស់យើង។ ប្រសិនបើសត្វមួយក្បាលដែលអ្នកសម្លាប់ នៅរស់ វានឹងធ្វើឱ្យប្រព័ន្ធអេកូឡូស៊ីយើងកាន់តែល្អប្រសើរ កម្ពុជាសម្បូរជីវៈចម្រុះ និងអាចទាញចំណូលបានច្រើនជាងតម្លៃសាច់សត្វដែលអ្នកបានលក់វានៅលើទីផ្សារ។

សត្វព្រៃជាសម្បត្តិធម្មជាតិរបស់យើងទាំងអស់គ្នា ការចូលរួមថែរក្សា ការពារនិងអភិរក្សឱ្យបានគង់វង្ស ជាកាតព្វកិច្ចរបស់យើងទាំងអស់ គ្នា។ ដូច្នេះ សូមនិយាយថាទេចំពោះសាច់សត្វព្រៃ និងរាយការណ៍បន្ទាន់មកក្រុមការងារតាមរយៈលេខទូរស័ព្ទ ០១២ ៥០០ ០៩៤៕