កម្ពុជា​បង្ក្រាបនិងរឹបអូសសាក​សព​​សត្វ​​ព្រៃ​​​ ​បាន​ជាង​៣០០០ក្បាល​ក្នុង​ឆ្នាំ២០២១

សង្គម​និង​សេដ្ឋកិច្ច

កាលពីឆ្នាំ ២០២១ កន្លងទៅ ក្រុមសង្គ្រោះសត្វព្រៃបន្ទាន់ដែលជាអង្គភាពចម្រុះ បានចុះ​ប្រតិបត្តិការ​ក្នុង​ការបង្ក្រាបការ​ជួញដូរសត្វព្រៃ ដោយរឹបអូសសត្វ​​ព្រៃ​​ងាប់​ចំនួន ៣៦០៩ក្បាល ​និងរឹបអូសសាច់សត្វ​ព្រៃគ្រប់ប្រភេទចំនួន ៣៥៤ គីឡូក្រាម។ នេះបើតាមការបញ្ជាក់របស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិ​ការក្រសួងបរិស្ថាន នៅក្នុងពិធីប្រកាស​បើក​ជាផ្លូវការ«យុទ្ធនាការអន្ទាក់សូន្យនៅក្នុងខេត្តស្ទឹងត្រែង» កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក នេត្រ ភក្ត្រា បានអោយដឹងថា  ក្នុងឆ្នាំ ២០២១ ការបង្ក្រាបការ​ជួញដូរសត្វព្រៃមានចំនួន ៦២​​​៥​​​​លើក ក្នុងនោះក៏​បានសង្គ្រោះសត្វព្រៃបាន ១២៧១ ក្បាល បញ្ជូនសំណុំរឿងចំនួន ១១ ទៅតុ​លា​ការ និងបានដោះលែងសត្វព្រៃចូល​ទៅព្រៃធម្មជាតិវិញចំនួន ៨៦៤ ក្បាល។

ក្រសួងបរិស្ថាន និងស្ថាប័ន​អង្គការដៃគូ ក៏បានដកអន្ទាក់សរុបចំនួន ៦១.៦១១ អន្ទាក់ ចេញពីតំបន់​ការពារ​ធម្មជាតិ​ចំនួន ៧៣ និងច្រករបៀងជីវចម្រុះចំនួន ៣ ក្នុងប្រទេសកម្ពុជា។ ជាមធ្យម ក្នុងមួយ​ឆ្នាំមាន​អន្ទាក់សរុប​ចំនួនប្រមាណជាង ៤០.០០០ អន្ទាក់ ត្រូវបានដកចេញ​ពីតំបន់ការពារ​ធម្មជាតិទ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក នេត្រ ភក្ត្រា។

គួរបញ្ជាក់ថា យុទ្ធនាការ​អន្ទាក់សូន្យ គឺធ្វើឡើងក្នុងគោល​ដើម្បីបញ្ឈប់ការដាក់អន្ទាក់គ្រប់ប្រភេទ និងបញ្ឈប់​ការបរបាញ់​សត្វព្រៃដោយ​ខុសច្បាប់ នៅក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា ធ្វើឱ្យព្រៃ​ធម្មជាតិកាន់តែ​មាន​សុវត្ថិភាព​​សម្រាប់​សត្​វព្រៃ និងជីវៈចម្រុះផ្សេងទៀតធ្វើជាជម្រក​សម្រាប់រស់ន និងមាន លទ្ធភាពគ្រប់គ្រាន់​​ដើម្បីបន្តពូជបង្កើតកូនពូនជា​ចៅរាប់ជំនាន់ទៅមុខទៀត។

យុទ្ធនាការអន្ទាក់​​សូន្យ ធ្វើឡើងរយៈពេល ៦ខែ ក្នុងខេត្តចំនួន ៦ ក្នុងភូមិសាស្ត្រភាគខាងកើត​ទន្លេមេគង្គ រួមមានខេត្តស្ទឹង​ត្រែង ក្រចេះ មណ្ឌលគិរី រតនគិរី ព្រះវិហារ និងកំពង់ធំ ផ្តួចផ្តើមនិង​ដឹកនាំធ្វើដោយក្រសួងបរិស្ថាន និងអង្គការដៃគូ ដែល​សហការក្នុងការងារអភិរក្ស។ ​សម្រាប់​យុទ្ធនាការអន្ទាក់សូន្យនៅក្នុងខេត្តស្ទឹងត្រែង នឹងមានរយៈពេលមួយខែ ដែលនឹង​ដឹកនាំធ្វើ​ក្រោមកិច្ច​សហការរវាងមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង និងអង្គការមូលនិធិសកល​សម្រាប់ធម្មជាតិ WWF ៕

អត្ថបទ៖ ពុធិកា