រដ្ឋាភិបាលកម្ពុជា ត្រៀមចាក់វ៉ាក់សាំងកូវីដ-១៩ ដុសទី ៥ ដល់មន្ត្រីជួរមុខ

សង្គម​និង​សេដ្ឋកិច្ច

កម្ពុជា កំពុងពិនិត្យលទ្ធភាពត្រៀមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី ៥ ឬដុសជំរុញ ដល់មន្ត្រីជួរមុខបន្ថែមទៀត ដើម្បីឲ្យមានភាពធនរឹងមាំក្នុងសហគមន៍។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈសារជាសម្លេងទាំងព្រឹកនៅថ្ងៃទី២៦ ខែមេសានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា កំពុងពិនិត្យលទ្ធភាពត្រៀមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី ៥ សម្រាប់មន្ត្រីជួរមុខបន្ថែមទៀត។ សម្តេចបញ្ជាក់ថា​ មិនមានការខ្វះវ៉ាក់សាំងសម្រាប់ចាក់នោះឡើយ​។

បើតាមសម្តេចតេជោ កម្ពុជាក៏មាន​បងប្អូនប្រជាពលរដ្ឋជាង ៦ លាននាក់ មិនទាន់បានទទួលនូវការចាក់វ៉ាក់សាំងដូសទី ៣ នៅឡើយ។ ដូច្នេះ សម្តេចបានអំពាវនាឲ្យពលរដ្ឋទៅទទួលវ៉ាក់សាំងការពារកូវីដឲ្យបានគ្រប់ៗគ្នា ដើម្បីមានភាពសាុំក្នុងសហគមន៍។

ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាលក៏បានសម្រេចលើកលែងការពាក់ម៉ាស់ នៅទីសាធារណៈទូទាំងប្រទេស ប៉ុន្តែបន្តពាក់នៅកន្លែងបិទជិតដដែល ហើយទុកឲ្យប្រជាជនទាំងអស់ ជាអ្នកសម្រេចថាតើ គួរពាក់ម៉ាស ឬមិនពាក់ម៉ាស។

របាយការណ៍ក្រសួងសុខាភិបាល បានឲ្យដឹងថា នៅកម្ពុជា គិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ សម្រេចការចាក់វ៉ាក់សាំងដល់ប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០២,៨៦% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ ទៅលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០០,២៧% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់ និងកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៨,១៧% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់។

ដោយឡែក សម្រាប់កុមារអាយុ ០៥ឆ្នាំ មាន ១២៦,៧៥% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់ និងកុមារអាយុ ០៣ឆ្នាំ ដល់​ក្រោម ០៥ឆ្នាំ មាន ៥៦,២២% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់។

ជារួម លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន​នាក់ កម្ពុជាសម្រេចបានប្រមាណ ៩៣,១២% ហើយ៕