កម្ពុជា-ជប៉ុន គ្រោងអនុវត្តគម្រោងប្រើប្រាស់ថាមពលស្អាតក្នុងឆ្នាំនេះ

សង្គម​និង​សេដ្ឋកិច្ច

ក្រសួងរ៉ែ និងថាមពល និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានចុះហត្ថលេខាជាផ្លូវការលើកំណត់ហេតុនៃការអនុវត្តគម្រោងរៀបចំផែនទីបង្ហាញផ្លូវអន្តរកាលថាមពលស្អាតឆ្ពោះទៅរកអព្យាក្រឹតកាបូននៅកម្ពុជា។ បើតាមកិច្ចប្រជុំកាលពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីចុះហត្ថលេខានេះ គឺបានធ្វើឡើងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) តំណាងដោយលោក KOBAYAKAWA Toru អគ្គនាយករងនៃនាយកដ្ឋានគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ (JICA HQ) និង ឯកឧត្តមបណ្ឌិត ទី នរិន្ទ រដ្ឋលេខាធិការនៃក្រសួងរ៉ែ និងថាមពល។

ផែនទីបង្ហាញផ្លូវអន្តរកាលថាមពលស្អាតឆ្ពោះទៅរកអព្យាក្រឹតកាបូន គឺសំដៅការប្រើប្រាស់ថាមពលស្អាត ដូចជា ថាមពលពន្លឺព្រះអាទិត្យ ខ្យល់ជាដើម និងកាត់បន្ថយការប្រើប្រាស់ថាមពលដែលកើតចេញពីការប្រើប្រាស់កាបូនដូចជា ធ្យូងថ្មជាដើម ជាអប្បបរមា។ ផែនទីបង្ហាញផ្លូវអន្តរកាលថាមពលស្អាតឆ្ពោះទៅរកអព្យាក្រឹត្យកាបូននៅកម្ពុជា ដែលគ្រោងនឹងចាប់ផ្ដើមអនុវត្តក្នុងអំឡុងឆ្នាំនេះ។

គម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេសដែលមានរយៈពេល២ឆ្នាំនេះ មានគោលបំណងបង្កើតផែនទីបង្ហាញផ្លូវស្ដីពីការផ្លាស់ប្ដូរទៅថាមពលស្អាត និងអភិវឌ្ឍសមត្ថភាពស្ថាប័នក្នុងការអនុវត្តផែនទីបង្ហាញផ្លូវនេះ។

គម្រោងនេះក៏នឹងធ្វើការណែនាំបច្ចេកវិទ្យា និងវិធីសាស្ត្រផ្លាស់ប្ដូរថាមពលផ្សេងៗទាក់ទងទៅនឹង ប្រសិទ្ធភាពថាមពល ថាមពលកកើតឡើងវិញ បច្ចេកវិទ្យាធ្យូងស្អាត និងឧស្ម័នធម្មជាតិផងដែរ។

ភាគីទាំងពីរ រំពឹងទុកថា ផែនទីបង្ហាញផ្លូវដែលនឹងបង្កើតឡើងដោយគម្រោងនេះ នឹងត្រូវបានឆ្លុះបញ្ចាំងនៅក្នុងគោលនយោបាយជាតិនាពេលអនាគតទាក់ទងនឹងថាមពលស្អាត ដែលជួយជម្រុញទៅរកអព្យាក្រឹត្យកាបូននៅប្រទេសកម្ពុជាក្នុងរយៈពេលវែង។

គួរបញ្ជាក់ដែរថា ក្រៅពីគម្រោងថ្មីនេះ JICA ក៏បានចូលរួមសហការយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងវិស័យថាមពល ដើម្បីឲ្យវិស័យនេះមានការអភិវឌ្ឍជាលំដាប់។ គម្រោងចៃកាដែលកំពុងអនុវត្តសព្វថ្ងៃមានដូចជា គម្រោងពង្រីកប្រព័ន្ធបញ្ជូន និងចែកចាយអគ្គិសនីនៅទីក្រុងភ្នំពេញ ជំហ៊ានទី១ និងទី២ (កម្ចីហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍផ្លូវការ) កិច្ចសហប្រតិបត្តិការបច្ចេកទេសលើគម្រោងកែលម្អការគ្រប់គ្រង និងប្រតិបត្តិការបណ្ដាញថាមពលអគ្គិសនី ព្រមទាំងមានការបញ្ជូនទីប្រឹក្សាផ្នែកផែនការ និងសេដ្ឋកិច្ចថាមពល (អ្នកជំនាញការចៃកា) ទៅកាន់ក្រសួងរ៉ែ និងថាមពលផងដែរ៕