ក្រុមគ្រូពេទ្រស្ម័គ្រចិត្តរបស់ TYDA ជិត ៨០០នាក់ចូលរួមក្នុងសកម្មភាពប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាល

សង្គម​និង​សេដ្ឋកិច្ច

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១២ ក្រោមការផ្តួចផ្តើមគំនិតផ្ទាល់របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ សមាគមគ្រូពេទ្យស្ម័គ្រចិត្តនេះ ដឹកនាំផ្ទាល់ដោយលោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ក្នុងគោលបំណងផ្តល់សេវាព្យាបាលដល់ប្រជាពលរដ្ឋក្រីក្រនានាទូទាំងប្រទេស ដោយមិនប្រកាន់និន្នាការនយោបាយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ចាប់តាំងពីបង្កើតឡើងមក សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ដែលប្រមូលផ្តុំដោយក្រុមគ្រូពេទ្យគ្រប់ជំនាញ គ្រប់ឯកទេស ទាំងស្ថាប័នរដ្ឋ និងឯកជន បានចូលរួមសកម្មភាពក្នុងការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ជាពិសេសនៅតាមទីជនបទ។ ក្នុងពេលដែលកម្ពុជា រងនូវការរាតត្បាតនៃជំងឺកូវីដ-១៩ ក្រុមគ្រូពេទ្យនៃសមាគមគ្រូពេទ្យស្ម័គ្រ TYDA ជិត ៨០០នាក់ បានស្ម័គ្រចិត្តចូលរួមក្នុងសកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាលដោយឥតរួញរាផងដែរ។

បច្ចុប្បន្ន ក្រុមគ្រូពេទ្យមកពីសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានព្យាបាលជូនប្រជាពលរដ្ឋក្រីក្រនៅទូទាំងប្រទេសបានជាង ៣៣ម៉ឺននាក់។ ក្នុងនោះអ្នកជំងឺធ្ងន់ជាង ៦ពាន់នាក់ ត្រូវបានបញ្ជូនព្យាបាលនៅរាជធានីភ្នំពេញ និងជាមួយដៃគូសហការនានា។ ក្នុងចំណោមអ្នកជំងឺធ្ងន់នេះ ក៏មានអ្នកជំងឺបេះដូងធ្ងន់ធ្ងរ ៥៦នាក់ផងដែរ។

ថ្លែងនៅព្រឹកថ្ងៃទី១៧ ឧសភា ឆ្នាំ២០២២ ក្នុងពិធីសំណេះសំណាលជាមួយក្រុមគូពេទ្យសម្ដេចតេជោ ប្រឆាំងកូវីដ១៩ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងអរគុណដល់ កូនៗ ក្មួយៗ ជាក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលអ្នកខ្លះជាគ្រូពេទ្យរួចហើយ អ្នកខ្លះទៀតគឺកំពុងតែសិក្សា  ដែលបានសម្រេចចូលរួមជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រឆាំង កូវីដ-១៩ ដើម្បីជួយជីវិតប្រជាជន។

សម្ដេចតេជោ ពិតជាមានមោទនភាពចំពោះ បងប្អូន កូន ក្មួយ ក្រុមគ្រូពេទ្យ ពិសេស អរគុណចំពោះ ឪពុក ម្ដាយ ប្ដី ប្រពន្ធ កូន ដែលព្រមលះបង់ពេលវេលានៃការមិនបានរួមរស់ជុំគ្នា អនុញ្ញាតអោយ ឪពុក ម្ដាយ កូន ប្ដី ប្រពន្ធ ចូលរួមជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ ប្រឆាំងកូវីដ-១៩ ៕