សម្តេចតេជោអះអាងថា មិនអាចយកអាជ្ញាប័ណ្ណទៅដេកឱបទុកនោះទេ បើឯកជនមិនធ្វើរដ្ឋត្រូវបញ្ចេញលុយផលិតវ៉ាក់សាំង

សង្គម​និង​សេដ្ឋកិច្ច

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ-១៩ នៅសាលពិព័រណ៍ជ្រោយចង្វា ប្រមុខរាជរដ្ឋាភិបាល បញ្ជាឲ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាល ត្រៀមបង្កើតរោងចក្រផលិតវ៉ាក់សាំងប្រឆាំងកូវីដ-១៩នៅកម្ពុជា ខណៈក្រុមហ៊ុន ដែលទទួល អាជ្ញាប័ណ្ណ(License) ក្នុងការធ្វើរោងចក្រផលិតវ៉ាកសាំងនៅកម្ពុជារួចហើយ មិនទាន់ចាប់ផ្តើមសាងសង់រោងចក្រផលិតនៅឡើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា៖«រដ្ឋមន្ត្រីក្រសួងសុខាភិបាល ត្រូវមើលក្រុមហ៊ុនដែលទទួល អាជ្ញាប័ណ្ណ(Licence) ក្នុងការធ្វើរោងចក្រផលិតវ៉ាក់សាំងនៅកម្ពុជារួចហើយ ហេតុអីមិនធ្វើ បើមិនធ្វើ ត្រូវអោយក្រុមហ៊ុនផ្សេងដែលមានសមត្ថភាពធ្វើ។ ហើយបើថាពិបាកណាស់ សូមយកមកធ្វើដោយក្រសួងសុខាភិបាលផ្ទាល់តែម្ដង ព្រោះកិច្ចការនេះចាំបាច់ណាស់។ ក្រសួងត្រូវធ្វើវឌ្ឍនភាពស្ដីពីការបង្កើតរោងចក្រផលិតវ៉ាក់សាំងប្រឆាំងកូវីដ-១៩នៅកម្ពុជា ក្នុងមួយសប្ដាហ៍ម្ដង»។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់ផ្នែកពាក់ព័ន្ធត្រូវពិភាក្សាគ្នាឡើងវិញ ពីដំណើរការបង្កើតរោងចក្រផលិតវ៉ាក់សាំងកូវីដ-១៩ ឱ្យបានឆាប់រហ័សតាមដែលអាចធ្វើបាន ដែលកិច្ចការមួយនេះ សម្តេចជំនះធ្វើឱ្យទាល់តែបាន។ 

FILE PHOTO: People work in the packaging facility of Chinese vaccine maker Sinovac Biotech, developing an experimental coronavirus disease (COVID-19) vaccine, during a government-organized media tour in Beijing, China, September 24, 2020. REUTERS/Thomas Peter/File Photo

សម្តេចបញ្ជាក់ថា «មិនអាចយក លីសង់ទៅដេកឱបទុកនោះទេ បើឯកជន  មិនធ្វើ រដ្ឋត្រូវបញ្ចេញលុយ ដើម្បីដំណើរការរោងចក្រផលិតវ៉ាក់សាំងកូវីដ-១៩ នេះឱ្យបាន ក្នុងករណីកូវីដ-១៩ រលាយរលត់ពីផែនដីនេះ យើងក៏អាច យករោងចក្រនោះទៅផលិតវ៉ាក់សាំងផ្សេងៗទៀត ដើម្បីបំពេញតម្រូវការសង្គមផងដែរ»។

​កាលពីខែធ្នូ ឆ្នាំ២០២១ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា ​នឹងបើកដំណើរការរោងចក្រផលិតវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទ «ស៊ីណូហ្វាម» របស់ប្រទេសចិននៅកម្ពុជា នាឆ្នាំ២០២២នេះ។

សម្តេចបញ្ជាក់ពេលនោះថា ​រដ្ឋាភិបាលនិងក្រុមហ៊ុនផលិតវ៉ាក់សាំងរបស់ចិនបានគាំទ្រនិងយល់ព្រមផ្ដល់សិទ្ធិឱ្យកម្ពុជា​សាងសង់រោងចក្រផលិតវ៉ាក់សាំង​ ខណៈក្រុមហ៊ុនដែលទទួលសិទ្ធិផលិ​តក៏បានចុះហត្ថលេខា​ព្រមព្រៀង​ហើយ​ដែរ៕